ស​.​ស​.​យ​.​ក​រាជធានី​ភ្នំពេញ រៀបចំ​ការប្រកួត​បាល់​យុវជន អបអរ​ទិវា​កុមារ​អន្តរជាតិ​

​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​យុវជន អបអរ​ទិវា​កុមារ​អន្តរជាតិ ឆ្នាំ​២០២២​បានបញ្ចប់​ទៅដោយ​ស្នាមញញឹម​រីករាយ​ពី​ក្រុម​កុមារ​-​យុវជន បន្ទាប់ពី​ចំណាយ​១​ថ្ងៃ​ពេញ កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការរៀបចំ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ​បានបង្ហាញ​ក្តី​រីករាយ ដែល​យុវជន​មកពី​សាលា​នានា​បាន​ចូលរួម​ប្រកួតប្រជែង ដែល​ឯកឧត្តម​សូម​គាំទ្រ លើកទឹកចិត្ត​ជូន​ដល់​យុវជន ក្នុងឱកាស​នេះ​។ ឯកឧត្តម​សន្យាថា ឆ្នាំក្រោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ឲ្យ​មាន​បន្តទៀត​និង​បំផុត​ស​ឲ្យ​មាន​ក្រុម​កាន់តែច្រើន​ចូលរួម​ដែរ​។​

​លោក បែរ មករា នាយក​ផ្នែក​កីឡា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១​នេះ​មាន​សាលា​ចំនួន ៦ ចូលរួម ដោយ​បែក​ចែកចេញជា​២​កម្រិត​អាយុ​គឺ ក្រោម ១២ ឆ្នាំ និង​ក្រោម ១៥​ឆ្នាំ​។
​ជ័យលាភី​អាយុ​១២​ឆ្នាំ លេខ​១​បាន​ទៅ ក្រុម WISC, លេខ​២ សាលា​បឹងកេត​,​លេខ​៣ សាលា ELT ខណៈ​កម្រិត​អាយុ ១៥ ឆ្នាំ​លេខ​១​បាន​ទៅ​សាលា VDC (B), លេខ​២ សាលា VDC ( A) និង​លេខ​៣ សាលា បឹងកេត​។ ក្រុម​ជ័យលាភី​ទទួល​មេដាយ សម្ភារ​កីឡា សម្លៀកបំពាក់ ហើយ​ស​.​ស​.​យ​.​ក​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ចំពោះ លេខ​១ បាន​១​លាន​រៀល លេខ​២​ទទួលបាន ៧៥​ម៉ឺន និង​លេខ​៣ បាន​៥០​ម៉ឺន​រៀល​។​

​លោក បែរ មករា បន្ថែមទៀតថា ពានរង្វាន់​ទិវា​កុមារ​អន្តរជាតិ ឆ្នាំ​២០២២ ត្រូវបាន​ផ្ដួចផ្ដើម និង​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ១​មិថុនា និង​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ និង​បណ្តុះ​ភាពក្លាហាន និង​ស្មារតី​ស្រឡាញ់​កីឡា​ដល់​កុមារ​។ ជាពិសេស គោលបំណង​សំខាន់​មួយទៀត​នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ស្វែងរក​កីឡាករ​ក្មេងៗ​ដែលមាន​ទេពកោសល្យ​យក​បណ្តុះបណ្តាល និង​ជួយ​សម្រេច​ក្តី​សុបិន ក្នុង​ការចង់​ក្លាយជា​កីឡាករ​អាជីព​របស់​ពួកគេ​។​

​តាមរយៈ​ការចូលរួម​ក្នុងការ​ប្រកួត​នេះ យើង​មានបំណង​ប្រែក្លាយ​កុមារ​ឲ្យ​ក្លាយទៅជា សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ កីឡាករ​គំរូ​។ ការប្រកួត ពានរង្វាន់​យុវជន ១​មិថុនា ឆ្នាំ​២០២២ នេះ បានរៀបចំ​ជា ២​ប្រភេទ​អាយុ គឺ អាយុ​ក្រោម ១២​ឆ្នាំ និង​ក្រោម ១៥​ឆ្នាំ ដែល​នឹងមាន​ការចូលរួម​ដោយ​ក្រុមយុវជន​មកពី ៦ សាលា រួមមាន សាលា​បាល់ទាត់​បឹងកេត សាលា​បណ្តុះបណ្តាល​បាល់ទាត់​ប្រាក់ សាលា​បាល់ទាត់​សូល​ទី​ឡូ សាលារៀន​វី​ឌី​ស៊ី សាលា​អន្តរជាតិ​វើ​លដ៍ និង​សាលារៀន​អ៊ី​អិ​ល​ធី​។ ក្នុងនោះ​ផងដែរ ការប្រកួត​យុវជន​អាយុ​ក្រោម ១២​ឆ្នាំមាន ៦​ក្រុម បែង​ចែកជា ២​ពូ​ល ខណៈ​ការប្រកួត​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ មាន ៨​ក្រុម បែង​ចែកជា ២​ពូ​ល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close