ក្នុងឆ្នាំនេះ! វៀតណាម រំពឹងថា ទទួលអ្នកដំណើរអន្តរជាតិ ១០លាននាក់
ហាណូយ៖ មន្ត្រីអាកាសចរណ៍វៀតណាមរំពឹងថា ចំនួនអ្នកដំណើរអន្តរជាតិដែលឆ្លងកាត់អាកាសយានដ្ឋានវៀតណាម នៅឆ្នាំ២០២២នេះ នឹងកើនឡើងដល់ ១០លាននាក់ ឬប្រហែល ២៤ភាគរយ នៃកម្រិតមុនការរាតត្បាតជំងឺ ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បាននិយាយនៅក្នុងវេទិកាអាកាសចរណ៍ដែលបានធ្វើឡើងនៅទីក្រុង Da Nang កាលពីចុងសប្តាហ៍មុនថា ឧស្សាហកម្មអាកាសចរណ៍កំពុងធ្វើដំណើរឆ្ពោះទៅរកការងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលការរឹតបន្តឹង Covid ទាំងអស់លើជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ។
អាជ្ញាធររំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានអ្នកដំណើរតាមអាកាស ឈានដល់ចន្លោះពី ៧០ ភាគរយ នៃចំនួនអ្នកដំណើរមុនពេលមានកូវីដ ចន្លោះពី ៧០ ទៅ ៨០លាននាក់នោះ រួមមានទាំងភ្ញៀវបរទេស ចំនួន ១០លាននាក់ដែរ។
បច្ចុប្បន្ន វៀតណាមបានបន្តជើងហោះហើរពាណិជ្ជកម្មទៅកាន់ និងមកពីគោលដៅអន្តរជាតិចំនួន ២០ រួមទាំងទីផ្សារទេសចរណ៍សំខាន់ៗរបស់ខ្លួនដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
លោក Dinh Viet Son អនុប្រធាន CAAV បានមានប្រសាសន៍ថា ការស្ទុះងើបឡើងវិញនៃអាកាសចរណ៍គឺជាកត្តាសំខាន់ដើម្បីជំរុញការរស់ឡើងវិញនៃវិស័យទេសចរណ៍។ រដ្ឋាភិបាលបានលុបចោលរាល់ការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិនៅថ្ងៃទី ១៥ ខែកុម្ភៈ ។
កាលពីថ្ងៃទី ១៥ ខែមីនា រដ្ឋាភិបាលបានអនុញ្ញាតឱ្យចូលដោយមិនមានការដាក់ឱ្យនៅដាច់ពីគេ និងបានបន្តការលើកលែងទិដ្ឋាការរបស់ខ្លួនសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ២៤ រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសមួយចំនួននៅអឺរ៉ុប។ ក្រៅពីនេះ ក៏បានលុបចោលការរឹតបន្តឹងការចូលផ្សេងទៀតផងដែរ ដូចជាការប្រកាសវេជ្ជសាស្ត្រ និងការធ្វើតេស្ត Covid ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។