ជម្រើសជាតិចំបាប់ ៤នាក់ ទទួលបានការឧបត្ថម្ភ ឆ្ពោះទៅស៊ីហ្គេម ២០២៣
កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជាចំនួន ៤នាក់ បានទទួលការឧបត្ថម្ភអាហារបំប៉នពេញ១ឆ្នាំពីក្រុមហ៊ុនយូនីស៊ីធីកម្ពុជា ដើម្បីជួយគាំទ្រដល់ការហ្វឹកហាត់ក្នុងដំណើរការឆ្ពោះទៅប្រកួតប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការឧបត្ថម្ភនេះ បានធ្វើឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការ ក្រុមហ៊ុន ដែលធ្វើឡើងរវាងកញ្ញា Kang Jiwon ប្រធានចាត់ការទូទៅប្រចាំយូនីស៊ីធីកម្ពុជា និងកីឡាករ-កីឡាការិនីចំបាប់កម្ពុជាទាំង ៤នាក់ គឺមានកីឡាករ ហេង វុទ្ធី កីឡាករ កែវ សុភ័ក្ត្រ កីឡាការិនី ឌិត សំណាង និងកីឡាការិនី ជា កញ្ញា។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ហេង វុទ្ធី បានលើកបង្ហញពីឆន្ទៈដ៏មោះមុតរបស់ខ្លួនថា នឹងបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមមេដាយឲ្យខ្ពស់ជាងមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
«ខ្ញុំពិតសប្បាយចិត្តណាស់ ចំពោះការឧបត្ថម្ភអាហារបំប៉នសុខភាព ដែលផ្តល់ជូនដោយក្រុមហ៊ុន យូនីស៊ីធីកម្ពុជា ដែលផលិតផលអាហារបំប៉ននេះ ដែលវាមិនមានផលប៉ះពាល់នៃសារធាតុហាមឃាត់ក្នុងកីឡានោះទេ ហើយថែមទាំងជួយពង្រឹងសុខភាព បញ្ញាស្មារតីល្អ។ សម្រាប់ខ្ញុំ គឺល្អខ្លាំង ពីព្រោះចំបាប់ ជាប្រភេទកីឡាប្រយុទ្ធ។ ជាក់ស្ដែងដូចខ្ញុំត្រូវការសម្រកទម្ងន់ ដូច្នេះអាហារបំប៉ននេះ នឹងជាប្រយោជន៍សម្រាប់សុខភាព និងបង្កើនថាមពលកម្លាំងបានល្អ»។
កញ្ញា Kang Jiwon ប្រធានចាត់ការទូទៅប្រចាំយូនីស៊ីធីកម្ពុជាយល់ឃើញថា ចំបាប់ គឺជាប្រភេទកីឡាមួយដ៏ពេញនិយមក្នុងចំណោមកីឡាកម្ពុជាដទៃទៀត ក្នុងដំណើរត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូច្នេះកញ្ញាជឿថា ការត្រៀមខ្លួន និងសុខភាពរបស់អត្តពលិក គឺមានសារសំខាន់យ៉ាងខ្លាំង។ តាមរយៈការឧបត្ថម្ភគាំទ្រនេះ កញ្ញាជឿជាក់ថា អត្តពលិកចំបាប់នឹងសម្រេចជោគជ័យ ក្នុងការដណ្តើមមេដាយជូនជាតិជាប្រវត្តិសាស្ត្របន្ថែមទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។