បញ្ជូន​ក្រុម​ប្រតិភូ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ ទៅ​បោះជំរុំ​ហ្វឹកហាត់ និង​ការប្រកួត នៅ​ថៃ​

​ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​លោក​បណ្ឌិត ដួង ហេង អនុប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​-​កីឡាការិនី​កីឡាវាយកូនឃ្លីលើតុ​មុន​ចេញដំណើរ​បោះជំរុំ​ហ្វឹកហាត់ ព្រមទាំង​ចូលរួម​ការប្រកួត​នៅ​ប្រទេស​ថៃ​។​

​ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​កីឡាវាយកូនឃ្លីលើតុ​ត្រូវតែ​គោរព​វិន័យ និង​ស្តាប់​គ្រូបង្វឹក​របស់ខ្លួន​ទាំង​ការហ្វឹកហាត់ និង​ការប្រកួត ដោយសារ​នៅ​ទីនោះ​យើង​មិន​ស្គាល់​ទីតាំង​ច្បាស់​ឡើយ ដូច្នេះ​ព្យាយាម​ហ្វឹកហាត់​ឲ្យ​ល្អប្រសើរ ដើម្បី​ពង្រឹងសមត្ថភាព​កាន់តែ​ប្រសើរឡើង​។

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​ប្រសាសន៍ថា សហព័ន្ធ​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក ចៅ​ក្រុម និង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចំនួន​១៥​នាក់​ចូល​រួមការ​ជំរុំ​ហ្វឹកហាត់​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៩​ឆ្នាំ អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ និង​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​២៦ ឆ្នាំ​២០២២ (the 26th South East Asian Junior & Cadet Table Tennis Championships) នៅ​ប្រទេស​ថៃ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក​បាន​បន្ថែមទៀតថា ចំពោះ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​១២ ឆ្នាំ​២០២២ (the 12th South East Asian Table Tennis Championships 2022) នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ក្នុងនោះ​មាន​គណៈប្រតិភូ គ្រូបង្វឹក ចៅក្រម និង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចំនួន​៥​នាក់​នឹងចូលរួម​។​

​លោក​អគ្គលេខាធិការ​បា​ន​បន្ថែមថា ការ​ទៅ​ចូលរួម​ចូលរួម​ការ​ជំរុំ​ហ្វឹកហាត់ និង​ការប្រកួត​នេះ គឺជា​ក្តី​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ ទាំង​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៩​ឆ្នាំ ខណៈ​គោលបំណង​សហព័ន្ធ​ឲ្យ​ចង់​កីឡាករ​វ័យក្មេង​ចូលរួម​ការប្រកួត​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​បទពិសោធ​លើ​ឆាក​អន្តរជាតិ​។​

​គួរ​បញ្ជាក់ថា ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឧបត្ថម្ភ​កីឡាករ​វ័យក្មេង ក្នុង​ម្នាក់ៗ ចំនួន ១០០​ដុល្លារ គ្រូបង្វឹក ប្រតិភូ ចៅក្រម និង​ក្រុម​កីឡាករ​យុវជន​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​។ លោក​បណ្ឌិត ដួង ហេង អនុប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​ឧបត្ថម្ភ គ្រូបង្វឹក ប្រតិភូ និង​ចៅក្រម និង​ក្រុម​កីឡាករ ក្នុង​ម្នាក់ៗ​៥០​ដុល្លារ​បន្ថែម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close