WHO៖ តើជំងឺអុតស្វា ស្ថិតក្នុងភាពអាសន្នសុខភាពសាធារណៈ ឬក៏អត់
នាថ្ងៃទី២៣ មិថុនា ខាងមុខនេះ អង្គការសុខភាពពិភពលោក (WHO) នឹងប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយដើម្បីវាយតម្លៃថា តើការផ្ទុះឡើងនៃជំងឺអុតស្វាតំណាងឱ្យភាពអាសន្នសុខភាពសាធារណៈ នៃក្តីបារម្ភអន្តរជាតិដែរឬទេ។
បច្ចុប្បន្ន មានតែជំងឺកូវីដ១៩ និងជំងឺគ្រុនស្វិតដៃជើងប៉ុណ្ណោះ ដែលភ្នាក់ងារអង្គការសុខភាពពិភពលោកបានចេញសារព្រមានកម្រិតខ្ពស់បំផុត។
WHO បាននិយាយថា ក្នុងឆ្នាំនេះមានករណីអុតស្វាដែលត្រូវបានបញ្ជាក់ចំនួន ១,៦០០ករណី និងករណីសង្ស័យចំនួន ១,៥០០ករណី និងមានអ្នកស្លាប់ចំនួន ៧២នាក់ នៅក្នុងបណ្តាប្រទេសចំនួន៣៩ រួមទាំងបណ្តាប្រទេសដែលជំងឺនេះរីករាលជាធម្មតាផងដែរ។
អុតស្វា គឺជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក ប៉ុន្តែបច្ចុបន្នមានការឆ្លងជាច្រើនករណីកំពុងកើតមានទាំងនៅក្នុងប្រទេសអាហ្វ្រិកទាំងនោះ និងផ្នែកខ្លះនៃអឺរ៉ុប។ មេរោគនេះបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងកន្ទួលលើស្បែក ឬដំបៅ ហើយការឆ្លងរាលដាលគឺតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។
អគ្គនាយកអង្គការ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស ក៏បានលើកឡើងដែរថា ដល់ពេលដែលត្រូវពិចារណាលើការបង្កើនការឆ្លើយតប ដោយសារតែវីរុសនេះចំឡែកខុសពីធម្មតា មានប្រទេសកាន់តែច្រើនរងផលប៉ះពាល់ ដូចនេះតម្រូវឲ្យមានការសម្របសម្រួលលក្ខណៈអន្តរជាតិមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។