សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។
ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមអបអរសាទរឱ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរចំពោះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។