៥ខែ ដើមឆ្នាំនេះ! កសិផលកម្ពុជា នាំចេញទៅចិន ធ្លាក់ចុះ ៦.៩%
ភ្នំពេញ៖ នៅដើមឆ្នាំ២០២២នេះ ការនាំចេញផលិតផល ជាពិសេសកសិផលទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំរបស់កម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញកសិផលសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួនជាង ៤.៦លានតោន ទៅកាន់ទិសដៅ៦០ប្រទេស កើនឡើងជាង៤២ម៉ឺនតោន ឬស្មើនឹង១០.២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៤.១លានតោនប៉ុណ្ណោះ។
បើទោះបីជាការនាំចេញកើនឡើងក៏ដោយ ក្រសួងសង្កេតឃើញថា ការនាំចេញកសិផលស្រស់មួយចំនួន នាពេលថ្មីៗនេះមានការថយចុះគួរឱ្យគត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន។
តាមក្រសួងកសិកម្ម ការនាំចេញកសិផលទៅកាន់ទីផ្សារប្រទេសចិនធ្លាក់ចុះនេះ បណ្តាលមកកពីកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្ដាលឱ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតដល់ជាង៣ដង។ ទន្ទឹមគ្នានេះ ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រគ្មាន ការរាលដាលឆ្លងនូវជំងឺកូវីដ-១៩ ពីប្រទេសខាងក្រៅ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម បណ្តាលឱ្យមានការរាំងស្ទះទំនិញ និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលបណ្ដាលមកពីការរកឃើញជំងឺកូវីដ-១៩ នៅ លើសំបកកេសវេចខ្ចប់ផ្លែចេក ពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខាន ការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៥១៩លានដុល្លារទៅកាន់ប្រទេសចិន ថយចុះ៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងរយៈពេលដូចគ្នានេះដែរ ចិនបាននាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៤ ៤៧០លានដុល្លារ កើនឡើង៣១.៥% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំ ជាង ៤ ៩៩០លានដុល្លារ កើនឡើង២៦.១%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។