ជាងឡានម្នាក់បាត់បង់ជីវិត ក្រោយជួសជុលខុសបច្ចេកទេស
បុរសជាជាងជួសជុលរថយន្តម្នាក់បានស្លាប់ពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីរងគ្រោះថ្នាក់ដោយរថយន្តសង្កត់ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិនិស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផន សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជាជាងជួសជុលរថយន្ត មានទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមសាក្សីនិយាយថា នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បុរសជាជាងរថយន្តខាងលើ ត្រូវគេហៅឲ្យមកជួសជុលរថយន្តនៅភូមិឃុំកើតហេតុខាងលើ លុះវេលាម៉ោងប្រមាណ៥រសៀល ជនរងគ្រោះបានមកដល់ និងធ្វើការជួសជុលរថយន្តប្រភេទមួយតោនកន្លះ។ ខណៈកំពុងជួសជុលនោះ ជាងរថយន្តរងគ្រោះ ក៏បានហៅក្មួយម្ចាស់រថយន្តឲ្យមកជួយ ដោយឲ្យក្មួយម្ចាស់រថយន្តបានឡើងទៅលើរថយន្តកាច់ចង្កូត ចំណែកជាងជួសជុលរថយន្តចូលទៅខាងក្រោមរថយន្តដើម្បីពិនិត្យ។
មួយសន្ទុះក្រោយមក ស្រាប់តែរថយន្តនោះកញ្ឆក់ទៅក្រោយបណ្តាលឲ្យសង្កត់ទៅលើជាងជួសជុលរថយន្ត ហើយភ្លាមៗនោះដែរក៏មានអ្នកជិតខាងមកជួយទាញយកជាងជួសជុលរថយន្តមកខាងក្រៅ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា ជងរងគ្រោះបានស្លាប់បាត់ទៅហើយ តាំងតែពីពេលដឹកមកតាមផ្លូវម្ល៉េះ។
យ៉ាងណាក៏ដោយ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសមត្ថកិច្ចបានសន្និដ្ឋានចំពោះករណីនេះថា ជនរងគ្រោះបានស្លាប់ដោយសារគ្រាំក្នុងខ្លួនធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។