ឱកាស​ការងារ​ជាង ៣​ពាន់​កន្លែង សម្រាប់​យុវជន​នៅក្នុង​ពិព័រណ៍​ការងារ​នៅ​អាគារ KAMPUS

​ភ្នំពេញ​៖ ពិព័រណ៍​ការងារ​នេះ នឹង​រៀបចំឡើង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា នៅ​ថ្ងៃទី​២៣-២៤ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​បរិវេណ​អាគារ KAMPUS ដែលមាន​អាសយដ្ឋាន ៥០២ មហាវិថី​ព្រះមុនីវង្ស ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ដោយ​នាំមក​នូវ​ឱកាស​ការងារ​ប្រមាណ ៣២០០ កន្លែង​ពី​ក្រុមហ៊ុន​ធំៗ ជាច្រើន ដើម្បី​ផ្តល់ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក ការងារ​ធ្វើ​។

​ពិព័រណ៍​ការងារ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​។​

​ពិព័រណ៍​ការងារ​ប្រចាំឆមាស ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់ ក្នុងការ​ជ្រើសរើស​បុគ្គ​លិ​ក និង​ស្វែងរក​ការងារ តាមរយៈ​ការប្រមូលផ្តុំ និង​ផ្សព្វផ្សាយ​ឱកាស​ការងារ​ពី​សំណាក់​និយោជក ក្រុមហ៊ុន​ឯកជន ដើម្បី​ជួប​ផ្ទាល់​ជាមួយ​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ ជួប​សម្ភាស​ផ្ទាល់ ព្រមទាំង​ទទួល បានការ​ប្រឹក្សា​យោបល់​អាជីព និង​ការងារ ក្នុងការ​ត្រៀម​ចូល ទីផ្សារការងារ ។

​យុវជន និង​អ្នកស្វែងរក​ការងារ​សូមកុំ​ភ្លេច​ចាប់យក​ឱកាស ការងារ​ពី​ពិព័រណ៍​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​ដោយ​ចូលរួម​ទស្សនា​, ជួប​សួរ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ដែល​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក និង​រៀបចំ​ប្រវត្តិរូប​ឲ្យ​បាន​ច្រើន​ដើម្បី​ត្រៀម​ដាក់ពាក្យ​ស្នើសុំ​ការងារ​ពី​ក្រុមហ៊ុន​ធំៗ​ជាច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close