មេដឹកនាំ អាល្លឺម៉ង់ បារាំង អ៊ីតាលី ជិះរថភ្លើងទៅកាន់ប្រទេសអ៊ុយក្រែន
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi នៅថ្ងៃទី ១៦ខែមិថនានេះ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
កន្លងមកថ្មីៗ ប្រធានាធិបតីបារាំង បានលើកឡើងថាមានតែកិច្ចពិភាក្សាដោយផ្ទាល់ប៉ុណ្ណោះ រវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ទើបអាចស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបាន។
ប្រទេសអឺរ៉ុបដែលជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនចងឲ្យមានសង្គ្រាមអូសបន្លាយរយៈពេលយូនោះឡើយ ។ ដូចច្នេះការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននាពេលនេះគឺដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមឲ្យបានឆាប់បំផុត ក៏ដូចជា ការបង្ហាញពីការគាំទ្រ និងសាមគ្គីភាពរបស់ពួកគេចំពោះអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៉ី។
ដំណើរទស្សនកិច្ចដែលគេរំពឹងទុកនេះ មិនទាន់ត្រូវបានធ្វើការប្រកាសជាផ្លូវការឡើយ ដោយសារហេតុផលសន្តិសុខ ប៉ុន្តែដំណឹងនេះ ត្រូវបានផ្សព្វផ្សាយមួយថ្ងៃមុនពេល គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍អំពីដំណើរការរបស់សហភាពអឺរ៉ុប ចំពោះការស្នើសុំចូលជា សមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។