វត្តមានសត្វក្តាន់ដែលជាប្រភេទកម្រក្នុងប្រទេសកម្ពុជាផ្តល់ក្តីសង្ឃឹមសម្រាប់ការអភិរក្សនៅកម្ពុជា និងពិភពលោក
របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ បានបង្ហាញថាមានសត្វក្តាន់សរុបចំនួនប្រមាណ ៨៤ក្បាល ។ លទ្ធផលនៃការស្រាវជ្រាវក៏នេះបានបង្ហាញផងដែរពីវត្តមាន នៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើន ដែលជាសញ្ញាណវិជ្ជមានបង្ហាញ ពីការបន្តពូជរបស់ សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រកធម្មជាតិ។ អ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញក្នុងខេត្តក្រចេះតាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។
លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការWWF បានរៀបរាប់ថា៖ «អស់រយៈកាល១៦ឆ្នាំហើយបន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញ នេះជាការចងក្រងរបាយការណ៍ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូងសម្រាប់ការអភិរក្សសត្វដ៏កម្រនៅ លើពិភពលោកមួយប្រភេទនេះ»។ សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើងចំពាមដទៃទៀតណាស់។ ការសិក្សាស្ថានភាព និងរបាយសត្វប្រភេទនេះបានធ្វើឡើងដោយការពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ដែលវារស់នៅ។ ការស្រាវជ្រាវនេះបានសហការរៀបចំដោយក្រុមជំនាញសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន អង្គការWWF អង្គការBINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថាន មានសេចក្តីត្រេកអរ និងមានមោនតភាពជាខ្លាំងដែលធម្មជាតិនៃប្រទេសកម្ពុជាផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗជាសកលដូចជាសត្វក្តាន់ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វានៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។
ដោយសារកម្ពុជាមានសន្តិភាពពេញេលេញ និងស្ថេរភាពនយោបាយល្អប្រសើរ វាបានផ្តល់ឱកាសពេញលេញដល់ក្រសួងបរិស្ថាន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានា ដើម្បីគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះក្នុងតំបន់នេះ ដែលក្នុងនោះធនធានធម្មជាតិត្រូវបានការពារ រីឯប្រភេទសត្វមួយចំនួនបានកើនឡើង។
យើងចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតក្នុងការពារ និងអភិរក្សជីវៈចម្រុះដែលមាននៅក្នុងតំបន់ការពារធម្មជាតិរបស់យើងដើម្បីជាប្រយោជន៍ដល់ការជម្រុញសេដ្ឋកិច្ចមូលដ្ឋានឲ្យប្រសើរឡើងជាពិសេសតាមរយៈវិស័យទេសចរណ៍ធម្មជាតិ ក៏ដូចជាប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីសម្រាប់កម្ពុជា និងសកលលោក»។
«ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការWWF បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្ស សត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណា ធានា ការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដ៏ទៃទៀតនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា»។
ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្ត្រជឿថាសត្វក្តាន់ប្រហែលបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ និងវៀតណាម។
លោកស្រី អេង សុខន សមាជិកសហគមន៍ល្បាតស្ម័គ្រចិត្ត នៅសហគមន៍ជ្រោយបន្ទាយនៃដែនជម្រកសត្វព្រៃព្រែកប្រសព្វ បានរៀបរាប់ថា៖ «លោកស្រីមានមោទនភាពដែលសត្វកម្រដូចសត្វក្តាន់នៅតែមានក្នុងព្រៃធម្មជាតិក្នុងខេត្តក្រចេះ ហើយ លោកស្រីបាន និងកំពុងចូលរួមក្នុងការល្បាតព្រៃ និងដោះអន្ទាក់ក្នុងដែន ជម្រកសត្វព្រៃព្រែកប្រសព្វ។ លោកស្រីថា៖ “ខ្ញុំក៏ដូចជាសមាជិកក្រុមល្បាតដ៏ទៃទៀតដែរមានចិត្តមោះមុតក្នុងចូលរួម ការពារសត្វព្រៃ ចុះល្បាត ដោះ អន្ទាក់ចេញពីព្រៃទីជម្រក ការពារព្រៃសម្រាប់អោយសត្វជ្រកកោន ធ្វើយ៉ាងណាថែរក្សា សត្វព្រៃ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់តទៅមុខទៀត»។
សត្វក្តាន់ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែល បណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។
លោក សេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា៖ «លទ្ធផលស្រាវជ្រាវនាពេលនេះមិនត្រឹមតែបានធ្វើឲ្យកេតនាមរបស់កម្ពុជាលេចត្រដែតលើឆាកអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញពីសារៈសំខាន់ជាសកលនៃតំបន់ទេសភាពមេគង្គជាទីជម្រកដ៏សំខាន់សម្រាប់ការរស់រានរបស់សត្វព្រៃទាំងលើគោក និងក្នុងទឹកគ្រប់ប្រភេទ»។ លោកបានបន្ថែមថា៖ «អង្គការWWF សូមកោតសរសើរ និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមស្រាវជ្រាវ និងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្ស ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីការពារតំបន់សត្វព្រៃទាំងនេះសម្រាប់ជាប្រយោជន៍របស់ធម្មជាតិ និងមនុស្សគ្រប់ជំនាន់»។
វិធានការអភិរក្សរួមគ្នាបន្ទាន់បន្ថែមគឺចាំបាច់ណាស់ ដើម្បីធានាថាទីជម្រកចុងក្រោយរបស់សត្វក្តាន់ដ៏កម្រនេះគ្មានការគំរាមកំហែងដោយសកម្មភាពខុសច្បាប់ ពោលគឺគ្មានការដាក់អន្ទាក់ គ្មានការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងតំបន់។ ការស្តារចំនួន និងទីជម្រកសត្វក្តាន់ ព្រមទាំងការបន្តពង្រឹងជម្រើសជីវភាពរបស់សហគមន៍ក្នុងតំបន់គឺជាវិធានចាំបាច់ផងដែរដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមរៀបចំ និងអនុវត្ត។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ “ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដោយបោះបង់ចោលការបរបាញ់ និងដាក់អន្ទាក់ បញ្ឈប់ការទិញ ការបរិភោគសាច់សត្វព្រៃ ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វកម្រដូចជាសត្វក្តាន់នេះសម្រាប់ជាប្រយោជន៍មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀតទៅអនាគតយូរអង្វែង និងសម្រាប់ពង្រឹងការអភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន»។
ក្រុមអ្នកជំនាញស្រាវជ្រាវនឹងបន្តពង្រឹងទិន្នន័យវិទ្យាសាស្ត្រស្តីពីរបាយសត្វក្តាន់ឲ្យកាន់តែសុក្រិតថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូនជាមួយម៉ាស៊ីនថតប្រើកំដៅនៅទូទាំងដែនជម្រកទាំងមូល។ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលជាទីជម្រកធម្មជាតិរបស់សត្វក្តាន់នេះ ស្ថិតក្រោមការសហការពារយ៉ាងតឹងរឹង ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន គាំទ្រដោយអង្គការ WWF និងចូលរួមដោយក្រុមល្បាតសហគមន៍។ បច្ចុប្បន្នក្រ សួងបរិស្ថាន និងដៃគូនានាកំពុងរៀបចំយុទ្ធនាការណ៍ អន្ទាក់សូន្យដើម្បីជួយសង្គ្រោះសត្វក្តាន់ និងសត្វព្រៃសំខាន់ៗ ជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ ដោយមានគោលដៅលុបបំបាត់ ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់។ យើងសូមថ្លែងអំណរគុណចំពោះការផ្តល់មូលនិធិ និងការគាំទ្រពី WWFបែលហ្សិក រដ្ឋាភិបាលប្រទេសបែលហ្សិក (DGD) មូលនិធិភាពជាដៃគូប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ (CEPF) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចប្រតិបត្តិការ(SDC) និងBinco៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។