បំណែ​ក​ទេវតា​ទាញព្រ័ត្រ រកឃើញ​ក្នុងពេល​កំណាយ​នៅ​ខ្លោងទ្វារ​តា​កាវ ត្រូវបាន​ប្រមូល​យកទៅ​ជួសជុល និង​រក្សាទុក រងចាំ​ការជួសជុល​បន្ត​

​សៀមរាប​៖ កំឡុង​ពេលធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ខ្លោងទ្វារ​តា​កាវ បាន​រកឃើញ​បំណែក​រូប​ទេវតា​ទាញព្រ័ត្រ​ដែល​រំលំ​ធ្លាក់​ពី​ស្ពាន​ហាល​ចូលក្នុង​ក​សិន្ធុ​ផ្នែក​ខាងជើង​និង​បាន​កប់​ក្នុង​ដី​អស់​រយៈពេល​រាប់រយឆ្នាំ​កន្លងមក​។ បំណែក​រូប​ទាំងអស់​ត្រូវ​ចុះបញ្ជី គូរ និង​ថតរូប មុននឹង​លើកយក​ចេញពី​ក្នុង​រណ្តៅ​កំណាយ​មក​លាង​សម្អាត ជួសជុល ទៅ​ដាក់​នៅលើ​ស្ពាន​ហាល ត្រៀម​បន្តទៅ​ដាក់​នៅតាម​ទីកន្លែង​ដើម​វិញ​។

​អ្នកស្រី ទឹម ធីតា បុរាណ​វិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ក្នុង​ប្រាសាទ​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​និយាយថា ដំណាក់កាល​កំណាយ​ស្រទាប់ដី​ចាក់​បង្គរ​ប្រវែង​៦០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​ជម្រៅ​ប្រមាណ​ជា​១០​សង់ទីម៉ែត្រ បាន​ប្រទះឃើញ​បំណែក​ផ្សេងៗ រួមមាន​បំណែក​ដងខ្លួន​រូប​ទេវតា​ទាញព្រ័ត្រ បំណែក​ប្រអប់ដៃ​-​ជើង និង​ព្រះ​សិរ​ទេវតា​ចំនួន​៨​។ ព្រះ​សិរ​ចំនួន​៦ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​នគរបាល​បេ​តិ​ភណ្ឌ​ដើម្បី​រក្សា​សុវត្ថិភាព រីឯ​ព្រះ​សិរ​ចំនួន​២​ផ្សេងទៀត​មាន​ព្រះ​សិរ​១​បែកពាក់​កណ្តាល​ជា​២​បំណែក ហើយ​ព្រះ​សិរ​១​ទៀត​មាន​សភាព​សឹករេចរឹល និង​ផុយស្រួយ​ខ្លាំង​ដែល​តម្រូវអោយ​រងចាំរ​ហូត​ដល់​សាច់​ថ្ម​រឹងមាំ​ល្អ​មុននឹង​អាច​ផ្លាស់​ទី​ព្រះ​សិរ​នេះ​ទៅ​កន្លែង​ជួសជុល​។

​អ្នកស្រី ធីតា បន្ថែមថា ការរកឃើញ​បំណែក​បដិមា​ទាំងអស់នេះ ផ្តល់​ជា​ប្រយោជន៍​យ៉ាងសំខាន់​សម្រាប់​ការជួសជុល​ចម្លាក់​ទាញព្រ័ត្រ​នៅ​ស្ពាន​ហាល​ខ្លោងទ្វារ​តា​កាវ​បាន​គ្រប់គ្រាន់​ដូចដើម​ឡើងវិញ​។ អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ ការងារ​កំណាយ​បាន​រកឃើញ​បំណែក​ចម្លាក់​ទេវតា​បាន​ប្រមាណ​ជា​៣០​ភាគរយ ហើយ​បំណែក​ចម្លាក់​មួយផ្នែកធំ​ទៀត​បាន​ដួលរលំ​នៅលើ​តួ​ស្ពាន​ហាល​។

​អ្នកជំនាញ​រូបនេះ បន្ត​ឱ្យដឹងថា ការធ្វើ​កំណាយ​នៅ​ដំណាក់​ដំបូង​មិនទាន់​ដល់​ស្រទាប់ដី​ដើម​ក្នុងសម័យ​សាងសង់​ស្ពាន​ហាល​នៅឡើយ​។ បន្ទាប់ពី​បញ្ចប់​កំណាយ​ស្រទាប់​ទី​១ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្តធ្វើ​កំណាយ​ស្រាវជ្រាវ​ស្រទាប់​ទី​២ នឹង​បន្ត​ដល់​ស្រទាប់ដី​ធម្មជាតិ ដើម្បី​ស្វែងយល់​ពី​រចនា​សម្ពន្ធ​នៃ​ស្ពាន​ហាល ដើម្បីឱ្យ​វិស្វករ ស្ថាបត្យករ រៀបចំ​ពង្រឹង​ស្ពាន​នេះ​ឡើងវិញ​។ សូមបញ្ជាក់ថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ​បានចាប់ផ្ដើម​តាំងពីដើម​ខែឧសភា ឆ្នាំ​២០២២ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២​ខាងមុខនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close