ចុងសប្ដាហ៍នេះ! កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដែលមានភ្ញៀវទេសចរចេញដើរទស្សនាទូទាំងប្រទេសសរុប៣៦៤,៦៣៦នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៥,១៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៤៩៣នាក់។
ឯកឧត្តម បានបញ្ជាក់ពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៦,៨២៩នាក់
* ខេត្តកំពត ៤៨,៩០៥នាក់
* ខេត្តសៀមរាប ៤៨,៨៦៧នាក់
* ខេត្តបាត់ដំបង ៤៣,៦២១នាក់
* ខេត្តកែប ៣៤,៥០០នាក់
* ខេត្តបន្ទាយមានជ័យ ២២,៤៣០នាក់
* រាជធានីភ្នំពេញ ១៧,០៩០នាក់
* ខេត្តពោធិ៍សាត់ ១៦,១២០នាក់
* ខេត្តកំពង់ស្ពឺ ១៣,៥៨៤នាក់
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា តួលេខចុងសប្តាហ៍នេះ បន្តកើនឡើងប្រមាណ១១.៤៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ដោយសារមានព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរកាលពីថ្ងៃសៅរ៍ ចរន្តនៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋមានការប្រែប្រួលខ្លះធៀបនឹងចុងសប្តាហ៍កន្លងមក ដែលភ្ញៀវភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវមកខេត្តជិតៗ ខណៈដែលចុងសប្តាហ៍នេះ ប្រជាពលរដ្ឋភាគច្រើនបានចេញធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តឆ្ងាយៗ ពិសេសបណ្តាខេត្តតំបន់ឆ្នេរ ខេត្តសៀមរាប និងបាត់ដំបងជាដើម ដោយពួកគាត់ខ្លះបានចេញដំណើរតាំងពីល្ងាចថ្ងៃសុក្រ និងត្រលប់ចូលមករាជធានីភ្នំពេញវិញនាល្ងាចនេះ។ អត្រាកក់បន្ទប់ស្នាក់នៅក៏មានចំនួនច្រើននាចុងសប្តាហ៍នេះ ពិសេសនៅកំពត កែប ព្រះសីហនុ និងខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។