ជាង​៣០០​នាក់​ ចូលរួម​ជិះ​កង់​អបអរ​ខួប​លើក​ទី​៤៥ ​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​

​កីឡាករ កីឡាការិនី​ជាង​៣០០​នាក់​បាន​ចូលរួម​ជិះ​កង់ កាលពី ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ពី​វិមាន​ឈ្នះ​ឈ្នះ រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត រួមទាំង​គោលដៅ​ផ្សព្វផ្សាយ​បំផុសស្មារតី​គាំទ្រ ដល់​ដំណើរការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​គូសបញ្ជាក់ថា គោលបំណង​សំខាន់ៗ​នៃ​ការ​ជិះ​កង់​នេះ គឺ​ទី​១.​ដើម្បី​អបអរសាទរ​ខួ​ន​លើក​ទី​៤៥ ទិវា​ចង់ចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ទី​២. រួមគ្នា​បង្ហាញ​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​ឲ្យ​បានឃើញ​នូវ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា មាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ និង​ទី​៣.​ការផ្សព្វផ្សាយ​ជំរុញ​ចលនា​កីឡា និង​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ការ​ជិះ​កង់​អបអរ​ទិវា​នេះ​បានចាប់ផ្តើម​ចេញដំណើរ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ២០២២ វេលា​ម៉ោង ០៦:៣០​នាទី​ព្រឹក ដោយ​ចាក​ចេញពី​វិមាន​ឈ្នះ​ឈ្នះ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​វិល​ត្រឡប់មក​ភ្នំពេញ​វិញ នាពេល​រសៀល​។ ការ​ជិះ​កង់​នេះ​ត្រូវបាន​ចែកជា​២​ដំណាក់កាល ដោយ​ជិះ​បាន​៣០​គីឡូម៉ែត្រ ពោលគឺ​ត្រឹម​ចំណុចរ​ការ​កោង ឈប់សម្រាក និង​លើក​កង់​ដាក់​រថយន្ត​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ និង​បន្ត​ការ​ជិះ​កង់ នាពេល​រសៀល​។ ព្រឹត្តិការណ៍​ជិះ​កង់​អបអរ​ទិវា​នេះ ទទួលបាន​ការសហកា​រ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លើ​ការដឹកជញ្ជូន​កីឡាករ និង​កង់ ទៅ​-​មក អាវយឺត​អនុស្សាវរីយ៍ និង​អាហារ​ចំនួន ៣​ពេល​។​

​គួរ​បញ្ជាក់ថា ការ​ជិះ​កង់​អបអរសាទរ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ម្សិលមិញ​នេះ​មាន​សមាសភាព​កីឡាករ កីឡាការិនី​សហព័ន្ធ មហាជន ក្រុម​កង់​មកពី​ក្លិប និង​មន្ត្រី​កងរាជអាវុធហត្ថ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ចាម ត្បូងឃ្មុំ​ក៏បាន​ចូលរួម​ជិះ​កង់​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ជាមួយនឹង​ការបង្ហាញ​នូវ​អារម្មណ៍​រីករាយ ភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព​។ នៅពេល​បញ្ចប់​កម្មវិធី នៅ​តំបន់​ប្រវត្តិសាស្ត្រ​កោះ​ថ្មី អ្នកចូលរួម​ជិះ​កង់​ជាង​៣០០​នាក់​ទទួលបាន​ការលើក​ទឹកចិត្ត និ​សំណេះសំណាល​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close