អឺរ៉ុបនឹងរលាយដូចអតីតសហភាពស៊ូវៀត មុនពេលអ៊ុយក្រេនចូលជាសមាជិក
អនុប្រធានគណៈកម្មការសន្តិសុខជាតិ រុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ថា ពេលវេលាពិតប្រាកដរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកអឺរ៉ុប គឺនៅក្នុងឆ្នាំ២០៥០ ប៉ុន្តែអឺរ៉ុបអាចនឹងត្រូវបែកបាក់នៅមុនឆ្នាំ២០៥០ទៅទៀត។
សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ អតីតប្រធានាធិបតីរុស្ស៉ី និងជាអនុប្រធានគណៈកម្មការសន្តិសុខជាតិ រុស្ស៊ី លោក Dmitry Medvedev បានព្យាករថាសហភាពអឺរ៉ុបអាចនឹងមានជោគវាសនាដូច អតីតសហភាពសូវៀត ដោយរលាយបាត់ចេញពីផែនទីពិភពលោក មុននឹងអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប។
លោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៉ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី ធ្វើការ កត់សម្គាល់ខាងលើ ក្នុងសារមួយសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការប្រៀបធៀប រវាងការសន្យារបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន និងផែនការរបស់សហភាពសូវៀតដែលចង់កសាងលទ្ធិកម្មុយនិស្ដ។ លោក ម៉េដវ៉េដេវ បានបញ្ជាក់ ដូច្នេះថា «យើងប្រហែលជាអាចកសាងលទ្ធិកម្មុយនិស្ដបាន ប្រសិនបើសហភាពសូវៀតមិនរលំរលាយ។ តើយល់ពីអ្វីដែលខ្ញុំចង់និយាយដែរឬទេ?»។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថាអ៊ុយក្រែន គួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយជាសមាជិក សហភាពអឺរ៉ុប។ ប៉ុន្តែ ការទទួលយកអ៊ុយក្រែនជាសមាជិកត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលរាប់ឆ្នាំ ខណៈមេដឹកនាំអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នាដើម្បី ពិភាក្សាលើបញ្ហានេះ នៅក្នុងសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។