អឺរ៉ុប កំពុងបង្កផលលំបាកដល់ពលរដ្ឋ ដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី
ក្រុមបាតុករបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែ ប្រាក់ចំណាយសម្រាប់ជីវិតប្រចាំថ្ងៃកើនឡើងខ្ពស់ ដោយសារតែការជ្រៀតជ្រែករបស់ណាតូ ក្នុងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី។
សារព័ត៌មាន RT បានផ្សាយថាការធ្វើបាតុកម្មទ្រង់ទ្រាយធំ រៀបចំឡើងដោយសហជីព ដោយមានការចូលរួមពីពលរដ្ឋប្រមាណ ៨ម៉ឺននាក់ នៅក្នុងរដ្ឋធានី Brussels ប្រទេសប៊ែលហ្ស៊ិច នាថ្ងៃទី ២០ខែមិថុនា ។
ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែរក្បួនពេញថ្នាល់ ហើយអាកាសយានដ្ឋានក្នុងទីក្រុង Brussels ត្រូវលុបជើងហោះហើរ ដោយសារតែបុគ្គលិកនៅអាកាសយានដ្ឋាន ក៏ចូលរួមធ្វើបាតុកម្មផងដែរ ។ ចំណែកសេវាកម្មដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងក៏ត្រូវផ្អាកផងដែរ។
ក្រុមបាតុករបានស្នើដល់រដ្ឋាភិបាលប៊ែលហ្ស៊ិចដំឡើងប្រាកខែ និងកាត់បន្ថយពន្ធ ។ ក្រុមបាតុករក៏បានអំពាវនាវដល់បណ្តារដ្ឋាភិបាល «ចំណាយប្រាក់ដំឡើងប្រាក់ខែដល់ពលរដ្ឋ មិនមែនយកទៅទិញអាវុធនោះឡើយ»។
ទន្ទឹមនឹងប្រាក់ចំណាយប្រចាំថ្ងៃកើនឡើងខ្ពស ក្រុមបាតុករក៏បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះ សម្ព័ន្ធយោធាណាតូ ដឹកនាំដោយអាមេរិក បានជ្រៀតជ្រែកចូលក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់អឺរ៉ុប។
ក្រុមបាតុករបានលើកឡើងថា ស្ថានភាពតម្លៃទំនិញឡើងថ្លៃ ការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់គឺដោយសារតែស្ថានភាពសេដ្ឋកិច្ចជួបឧបស័គ ដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី ក៏ដូចជាការចូលរួមផ្តល់ជំនួយអាវុធរបស់ណាតូ ទៅឲ្យអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ីទើបធ្វើឲ្យរុស្ស៊ីវាយបកវិញ បង្កផលលំបាក់យ៉ាងខ្លាំង ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងតំបន់អឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។