អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ដែលអាចបង្កបញ្ហាផ្សេងៗ ពេលទៅទស្សនានៅតំបន់រមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីខ្យល់កន្ត្រាក់ដែលអាចបង្កគ្រោះថ្នាក់ណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានការប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្ត្រាក់ខ្លាំងអាចបង្កនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។ បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្ត្រីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។
ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។