សម្ដេច ស ខេង ស្នើ​សាកលវិទ្យាល័យ​ជំរុញ​ភាពជា​ម្ចាស់ ក្នុងការ​ដឹកនាំ ដើម្បី​សក្ដិ​សមជា​សាកលវិទ្យាល័យ​ជាតិ

​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​ជ័យលាភី​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ប្រារព្ធ​នៅ​សាល​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ស្ថិតក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ឯកឧត្តម សុខ ឃ​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គពិធី​អំពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង​ដំណើរការ​បង្រៀន និង​រៀន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង និង​ព​ង្រី​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ដៃគូ​ជាតិ​និង​អន្តរជាតិ និង​បាន​គូសបញ្ជាក់ថា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដែល​ទទួលបាន​សញ្ញាបត្រ​នាឱកាស​នេះ​មាន​ចំនួន​៦០៤​នាក់ ក្នុងនោះ​មាន​និស្សិត​នារី​ចំនួន​៣១០​នាក់​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការចូលរួមចំណែក​រប​ស់​សប្បុរសជន​ទាំងអស់ ក្នុងការ​ចូលរួម​កសាង​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស អាចឈាន​ទៅធ្វើ​សមាហរណ៍កម្ម​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ សម្ដេច​ក៏បាន​កោតសរសើ​រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង មន្ត្រី សាស្ត្រាចារ្យ និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ដែល​បានធ្វើឱ្យ​សាកលវិទ្យាល័យ​មានការ​ប្រែល​ប្រួល​រីកចំរើន​ឆាប់រហ័ស​។​

​ជាមួយគ្នានេះដែរ សម្ដេច​ក៏បាន​ស្នើ​សាកលវិទ្យាល័យ​ជំរុញ​ភាពជា​ម្ចាស់​ក្នុងការ​ដឹកនាំ ដើម្បី​សក្ដិ​សមជា​សាកលវិទ្យាល័យ​ជាតិ និង​ធ្វើ​នវានុវត្តន៍​កម្មវិធី​អប់រំ​ឱ្យ​ក្លាយទៅជា​កម្មវិធី​ឌីជីថល ដោយមាន​មុខវិជ្ជា​ឌីជីថល​ប្រកបដោយ​ភាព​ស​ប្បូរ​បែប និង​មាន​កម្មវិធី​អប់រំ​ផ្គួប ឬ​កម្មវិធី​រួមគ្នា​ជាមួយ​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ​នានា​។
​សម្ដេច​ក៏បាន​អរគុណ​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ ដែល​បានផ្ដល់​កិច្ចសហការ​ជ្រោមជ្រែង​ឱ្យ​សាកលវិទ្យាល័យ​ដើរតួនាទី​ក្នុង​អនុវិស័យ​ឧ​ត្ត​មសិ​ក្សា​សម្រាប់​ភូមិភាគ​ពាយ័ព្យ និង​ទូទាំងប្រទេស​។​

​សម្ដេច​ក៏បាន​បង្ហាញ​មោទកភាព​ដែល​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​បាន​បណ្ដុះបណ្ដាល​និស្សិត​បាន​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ​ជាមួយនឹង​លទ្ធផល​គុណភាព​នៃ​ការអប់រំ​កាន់តែ​ប្រសើរ ធ្វើឱ្យ​និស្សិត​មានឱកាស​ឈានទៅ​ចាប់យក​ឱកាស​ការងារ​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​។ ស​ម្ដេចក៏​សង្ឃឹមថា​និស្សិត​ដែល​កំពុង​សិក្សា និង​បានបញ្ចប់​ការសិក្សា​ទទួល​សញ្ញាបត្រ​នាពេលនេះ​នឹង​ស្វះ​ស្វែងរក​ការងារ​ធ្វើ ព្រមទាំង​ទទួលបាន​ជោគជ័យ​ដូច​រៀមច្បង​ដែលជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​នេះដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close