សិង្ហ​បុរី រកឃើញ​ករណី​ជំងឺ​អុត​ស្វា​ជាដំបូង

​សិង្ហ​បុរី​បានបញ្ជាក់​ពី​ការរកឃើញ​ករណី​ដំបូង​នៃ​ជំងឺ​អុត​ស្វា ក្នុងប្រទេស​របស់ខ្លួន ដែល​ជាការ​នាំចូល ពី​ក្រៅប្រទេស​។ អ្នកជំងឺ​ជា​ជនជាតិ​អង់គ្លេស ភេទ ប្រុស អាយុ ៤២​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​លើ​យន្តហោះ ដោយ​បុរស​នោះ​ស្ថិតនៅ​ក្នុងប្រទេស​សិង្ហ​បុរី ចន្លោះ​ពីថ្ងៃ​ទី ១៥ ដល់​ថ្ងៃទី ១៧ ខែមិថុនា ហើយ​លើកចុងក្រោយ នៅ​ថ្ងៃទី ១៩ ខែមិថុនា និង​បានធ្វើ​តេស្ត​វិជ្ជមាន នៅ​ថ្ងៃទី ២០ ខែមិថុនា នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី​។​

​ប្រភព​បន្ថែមថា បច្ចុប្បន្ន​អ្នកជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង (NCID) ខណៈ​គ្រូពេទ្យ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​ ទន្ទឹម​នោះ MOH បាន​ឲ្យ​ដឹងថា បុរស​នោះ​ចាប់ផ្តើម​ចេញ​អា​ការៈឈឺ​ក្បាល នៅ​ថ្ងៃទី ១៤ ខែមិថុនា និង​គ្រុនក្តៅ នៅ​ថ្ងៃទី ១៦ ខែមិថុនា​។ បន្ទាប់ពី​ចេញ​រោគសញ្ញា​ទាំងនេះ នៅ​ថ្ងៃទី ១៩ ខែ មិថុនា អ្នកជំងឺ​ចាប់ផ្ដើម​ចេញ​កន្ទួល​នៅលើ​ស្បែក តែម្ដង​។​

​បើតាម​ក្រសួង​ថា អ្នក​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អ្នកជំងឺ​ជាង ១០​នាក់ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ២១ ថ្ងៃ ដោយ​គិត​ចាប់ពី​ពេល​រកឃើញ​វិជ្ជមាន​នេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close