ប្រធានាធិបតី​ជាប់ឆ្នោត​ហ្វីលីពីន តែងតាំង​ខ្លួនឯង​ជា​រដ្ឋមន្ត្រី​កសិកម្ម​

​លោក Ferdinand Marcos ប្រធានាធិបតី​ថ្មី ទើប​ជាប់ឆ្នោត​ហ្វីលីពីន បានផ្តល់​តំណែង​ខ្លួនឯង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពីពេល​ថ្មីៗ​នេះ ដោយ​លើកឡើង​ពី​តម្រូវការ​បន្ទាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ និង​ជំរុញ​ផលិតកម្ម​ដើម្បី​ការពារ​ការខ្វះខាត​ស្បៀងអាហារ និង​ការកើនឡើង​តម្លៃ​។​

​លោក Marcos បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការបង្កើន​ផលិតកម្ម​កសិកម្ម​នៅក្នុង​ប្រទេស​ដែល​គេ​ស្គាល់​ថា ជា​អ្នក​នាំចូល​អង្ករ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ដែលជា​អាហារ​ចម្បង​របស់​ជាតិ​នឹង​ស្ថិត​ក្នុងចំណោម​អាទិភាព​របស់លោក ការកើនឡើង​តម្លៃ​ស្បៀងអាហារ​កាន់តែ​មាន​សារៈសំខាន់ សម្រាប់​ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ហ្វីលីពីន​កំពុង​ទប់ទល់​នឹង​អតិផរណា​ដែល​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ ក្នុង​ខែឧសភា ឆ្នាំ​២០២២​នេះ​។​

​លោក​បាន​មានប្រសាសន៍ថា «​តាំងពីដើម​ដំបូង​មក ខ្ញុំ​តែងតែ​និយាយថា កសិកម្ម​នឹង​ក្លាយជា​ផ្នែក​សំខាន់ និង​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ឬ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​យើង ដូចដែល​យើង​ប្រមើលមើល​សេដ្ឋកិច្ច ក្រោយ​ជំងឺ​រាតត្បាត​។​»

​សម្រាប់​ហ្វីលីពីន ពេលវេលា​ចុងក្រោយ​ដែល​មេដឹកនាំ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្នុងពេល​ដំណាលគ្នា គឺ​នៅក្នុង​ឆ្នាំ ១៩៩៨ នៅពេលដែល​លោក​អតីត​ប្រធានាធិបតី Joseph Estrada បាន​ក្លាយជា​ប្រធាន​មហាផ្ទៃ​ផងដែរ​។ ប្រធានាធិបតី​ផ្សេងទៀត​បាន​ចូលរួម​គណៈរដ្ឋមន្ត្រី​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជា​បណ្តោះអាសន្ន ក្នុងអំឡុងពេល​មាន​ស្ថានភាព​អាសន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close