សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ​ខ្មែរ អំពី​ការ​ទើប​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត មក​ថ្ងៃ​ពិត​ប្រា​ដក នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥២

​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ អំពី​ការ​ទើប​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច មក​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិតប្រាកដ គឺ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥២​។ នេះ​បើតាម​សារលិខិត​ដែល ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​នេះ​។​

​ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ទូល​ប្រគេន និង​ជម្រាបជូន សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ​ព្រះ​ថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ​ទាំងអស់ សូមទ្រង់ជ្រាប និង​ជ្រាប​: ផ្អែក​តាម​ដីកា​សម្រេច​លេខ ៧៣៨ “​ក​” ដ​.​ម ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ត្រូវបាន​កែតម្រូវ​ពីថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅជា​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិតប្រាកដ​វិញ គឺ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ ២៤៩៦​។​

​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ទូល​ប្រគេន និង​ជម្រាបជូន ជនរួមជាតិ​ជ្រាបថា តប​តាម​សេចក្តីអំពាវនាវ​របស់ ព្រះវររាជបិតា​ជាតិ សម្តេចព្រះ​មហាវីរក្សត្រ ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៧០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​បាន​ចូល​ព្រៃម៉ាគី ដើម្បី​តស៊ូ​ប្រឆាំងនឹង​ក្រុម​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការឈ្លានពាន​របស់​បរ​ទេស​។ ក្នុង​សម័យកាល​សង្គ្រាម​នោះ ទូលព្រះបង្គំជាខ្ញុំ បានកំណត់​យក​ថ្ងៃ​ដែល​ទូលព្រះបង្គំ ជា​ខ្ញុំ​ចូល​តស៊ូ ធ្វើជា​ថ្ងៃកំណើត គឺ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៥១ និង​បាន​ប្រើប្រាស់​នាពេល​កន្លងមក​។​

​ការកែតម្រូវ​នេះ​មាន​ភាពចាំបាច់ ដើម្បី​កំណត់​យក ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​ពិត គឺ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ ២៤៩៦ និង​ដើម្បី​ជៀសវាង នូវ​ការភាន់ច្រឡំ ពី​សំណាក់​ឥស្សរ​ជនជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំង​មហាជន​ទូទៅ ដែល​បាន​ផ្ញើ​សារលិខិត​ជូនពរ ថ្ងៃ​ចម្រើន​ជន្មាយុ​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ដល់​ទៅ​ពីរដង​ក្នុង​មួយឆ្នាំ​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​បវរ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ថ្វាយ ប្រគេន និង​ជូនពរ សម្តេចព្រះ មហាសង្ឃរាជ​ទាំងពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ ទាំងអស់ សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close