ស្លាប់​២៨០​នាក់​ដោយ​ការរញ្ជួយ​ដី​កម្រិត ៦,១​រ៉ិ​ច​ទ័​រ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃទី ២២​ខែមិថុនា បានប្រកាសថា​មានការ​រញ្ជួយ​ដី​កម្រិត ៦,១​រ៉ិ​ច​ទ័​រ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​នេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​អាយុជីវិត​មនុស្ស​ជាច្រើន ។​

​ព័ត៌មាន BBC នៅ​ថ្ងៃ​ពុធ ទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា អាជ្ញាធរ​ក្នុង​តំបន់​បានឱ្យដឹង​នា​ថ្ងៃ​២២​ខែមិថុនា​បានបញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​គឺ ៦.១​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ចំ​តំបន់​ភាគ​ខាងកើត នៃ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ជាប់​ព្រំប្រទល់​ជាមួយ​ប៉ា​គី​ស្ថាន ហើយ​របាយការណ៍​បឋម​បាន​អះអាងថា មនុស្ស​យ៉ាងហោចណាស់ ២៨០​នាក់ បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។​

​អាជ្ញាធរ​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​បន្ថែមថា តួលេខ​អ្នកស្លាប់​ច្រើនជាង​២៨០​នាក់​នេះ គឺ​ទំនងជា​នឹង​នៅ​បន្ត​កើនឡើង​ថែមទៀត ខណៈ​មនុស្ស​រាប់រយ​នាក់ ក៏បាន​រងរបួស​ផងដែរ​។ យោងតាម​ទិន្នន័យ​ពី ទីភ្នាក់ងារ​តាមដាន​គ្រោះ​រញ្ជួយ​ដី​របស់​សហរដ្ឋអាមេរិក USGS ចំណុច​រំ​ញ័រ​នៃ​ហេតុការណ៍​រញ្ជួយ​ផែនដី​ខាងលើនេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ៤៤​គីឡូម៉ែត្រ​ពី​ទីក្រុង Khost នៃ​ខេត្ត Khost នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្កា​នី​ស្ថាន ជាមួយ​ជម្រៅ​៥១​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី​។​

​មនុស្ស​ស្លាប់​និង​របួស ត្រូវបាន​រាយការណ៍​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ភ្លាមៗ​នេះ មិនទាន់មាន​សេចក្តីរាយការណ៍ អំពី​មនុស្ស​រងគ្រោះថ្នាក់ ឬ​ការខូចខាត ដែល​បង្កឡើង​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​នោះ នៅ​ខាង​ប៉ា​គី​ស្ថាន​នៅឡើយ​ទេ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close