សិស្សានុសិស្ស​រីករាយ​ការលេង​កីឡា​អបអរ​ទិវា​អូឡាំពិក​ និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣

​សិស្សានុសិស្ស​ចំនួន​១០០​នាក់​បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការចូលរួម​លេង​កីឡា និង​ការស្វែងយល់​អំពី​ការបញ្ជ្រាប​ចំណេះដឹង​ពី​គុណ​តម្លៃ​អូឡាំពិក និង​ការផ្សព្វផ្សាយ​ពី​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​

​នេះ​ជាការ​ចូលរួម​របស់​សិ​ស្សានុសិស្ស​មកពី​ពីរ​វិទ្យាល័យ គឺ​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី​ចរិយា​វង្ស និង​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី​ចំការ​ដូង នៃ​ខេត្ត​កែប ក្រោម​ការរៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដើម្បី​អបអរសាទរ​ទិវា​អូឡាំពិក (Olympic Day) នៅ​ខេត្ត​កែប នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​

​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ប៊ុ​យ សុ​ភ័​ណ្ឌ ដែលជា​វាគ្មិន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​បាន​លើកឡើងថា នៅក្នុង​កម្មវិធី​អបអរ​ទិវា​អូឡាំពិក ថ្ងៃនេះ លោក​សង្កេតឃើញថា សិស្សានុសិស្ស​ភាគច្រើន​បាន​ស្វែងយល់ និង​ឆ្លើយ​សំណួរ​បានល្អ​ណាស់ ដោយ​ពួកគាត់​មានការ​ស្វែងយល់​ពី​ខ្លឹមសារ​នានា​ពាក់ព័ន្ធ​នឹង​គុណ​តម្លៃ​អូឡាំពិក សារៈសំខាន់​នៃ​ការលេង​កីឡា រួមទាំង​ការ​ផ្សព្វ​ផ្សា​នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ នៅ​កម្ពុជា ផងដែរ​។​

​ទីប្រឹក្សា​រូបនេះ​បន្ថែមទៀតថា ក្រៅពី​កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​នៃ​គុណ​តម្លៃ​អូឡាំពិក និង​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ក្រុមការងារ NOCC ក៏បាន​នាំ​សិស្សានុសិស្ស​លេង​កម្សាន្ត​កីឡា​នានា​។ លោក​អះអាងថា កម្មវិធី​នេះ​មាន​សិស្សានុសិស្ស ដែល​ចូលរួមបាន​ស្វែងយល់​ពី​ផលប្រយោជន៍​នៃ​ការលេង​កីឡា និង​ឲ្យ​ពួកគេ​យល់ថា កីឡា​បង្កើត​នូវ​សាមគ្គីភាព មិត្តភាព និង​ភាពស្មោះត្រង់​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដ ដើម្បី​អបអរសាទរ​ទិវា​អូឡាំពិក​នេះដែរ និង​បញ្ជ្រាប​ការផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​ជុំវិញ​ក្រុងកែប​ដោយ​ចេញដំណើរ​ពីមុខ​សាលាខេត្ត​កែប​ទៅដល់​សេះស​និង​ត្រឡប់មក​មុខ​សាលាខេត្ត​កែប​វិញ​។ ការ​ជិះ​កង់​នេះ​មានការ​ចូលរួម​ពី​សិស្សានុសិស្ស និង​មានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​ទ្រី​យ៉ា​ត្លុង​ជម្រើសជាតិ​កម្ពុជា​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close