វៀតណាម​៖ តម្លៃ​ប្រេងសាំង​ហក់​ឡើងថ្លៃ ដល់​កម្រិត​ខ្ពស់បំផុត មិន​ធ្លាប់មាន​

តម្លៃ​ប្រេងសាំង​ប្រភេទ RON 95 របស់​វៀតណាម​បាន​កើនឡើង ១,៥៤​ភាគរយ​កាលពី​ថ្ងៃ​អង្គារ​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​មិន​ធ្លាប់មាន​ពីមុនមក​គឺ ៣២ ៨៧០​ដុង (១,៤២​ដុល្លារ​) ក្នុង​មួយ​លីត្រ ដែល​បាន​កើនឡើង ៤១​ភាគរយ​រហូតមកដល់​ពេលនេះ​ក្នុងឆ្នាំនេះ​។​

​នេះ​ជាការ​កើនឡើង​លើក​ទី​ប្រាំពីរ​ជាប់​គ្នា​សម្រាប់​ប្រភេទ​ប្រេងសាំង​ដ៏​ពេញនិយម​នេះ​គិត​ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា​មក​។ ប្រភេទ​ប្រេងសាំង​នេះ​មាន​អ្នកប្រើប្រាស់ ៧០​ភាគរយ​នៃ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​សរុប​ក្នុងប្រទេស​វៀតណាម​។​

​កាសែត VN Express International របស់​វៀតណាម​បាន​រាយការណ៍​ថា ប្រេង​ជីវ​ឥន្ធនៈ RON 92 ក៏បាន​ឡើងថ្លៃ ០,៦១​ភាគរយ​ផងដែរ​ដល់ ៣២ ៣៧០​ដុង​ក្នុង​មួយ​លីត្រ​ដែល​បាន​កើនឡើង ៤៣,៥​ភាគរយ​នៅ​ឆ្នាំនេះ ខណៈដែល​ប្រេងម៉ាស៊ូត​បាន​ឡើងថ្លៃ ៣,៤​ភាគរយ​កាលពី​ថ្ងៃ​អង្គារ​។​
​មូលនិធិ​ស្ថិរភាព​ប្រេងឥន្ធនៈ​របស់​វៀតណាម​ដែល​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ទំនិញ​បច្ចុប្បន្ននេះ​ស្ថិតនៅ​កម្រិត​អវិជ្ជមាន​។​

​រដ្ឋាភិបាល​វៀតណាម​បាន​កាត់បន្ថយ​ពន្ធបរិស្ថាន​លើ​ប្រេងឥន្ធនៈ​ចំនួន​ពាក់កណ្តាល​មក​នៅត្រឹម ២ ០០០​ដុង ចាប់ពី​ខែមេសា​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ ហើយ​កំពុង​ពិចារណា​កាត់បន្ថយ​ចំនួន ១​ពាន់​ដុង​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close