សម្ដេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​តួ​គី​ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​អាណត្តិ​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោកជំទាវ អាយ​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គរដ្ឋទូត​តួ​គី ប្រចាំ​នៅ​កម្ពុជា ខណៈដែល​លោកជំទាវ បាន​ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ អាយ​ដា បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បានផ្ដល់​មេដាយ​សហ​មេត្រី​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន​លោកជំទាវ​។ លោកជំទាវ អាយ​ដា បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា រយៈពេល​ជាង ៤​ឆ្នាំ​នៃ​បេសកកម្ម​នៅ​កម្ពុជា ទោះបី​ជំងឺ​កូ​វីដ​-១៩ បាន​រាតត្បាត​ពិភពលោក​ជាង​២​ឆ្នាំកន្លងមក​ក៏ដោយ ក៏​លោកជំទាវ​បានធ្វើការ​មួយចំនួន​ក្នុងការ​ពង្រីកពង្រឹង​ទំនាក់ទំនង​ទាំង​ពាណិជ្ជកម្ម និង​ទាំង​នយោបាយ​រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ​មានការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​ទួរគី និង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ទៅកាន់​ប្រទេស​ទួរគី​ជា​បន្តបន្ទាប់​ទៀត​។

​លោកជំទាវ​បាន​បន្ថែមថា លោកជំទាវ​ពិតជា​មាន​កិត្តិយស​ជាទីបំផុត ដែល​បានមក​បំពេញបេសកកម្ម​នៅ​កម្ពុជា ដើម្បី​បាន​បម្រើ​ទាំង​ទួរគី នឹង​កម្ពុជា ហើយ​ការចាកចេញ​ពី​ប្រទេស​កម្ពុជា លោកជំទាវ មាន​អារម្មណ៍​ថា ដូចជា​ការចាកចេញ​ពី​ផ្ទះ​ដែល​កំពុងតែ​រស់នៅ​។ ទោះបីជា​យ៉ាងណាក៏ដោយ​លោកជំទាវ អាយ​ដា បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា លោកជំទាវ នឹង​បន្តធ្វើ​ការធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត មិន​ថា​លោកជំទាវ​នៅទីណា​ទេ​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ អាយ​ដា និង​សំដែង​នូវ​ការកោតសរសើរ​យ៉ាង​ស្មោះ​ចំពោះ​ស្នាដៃ​ធំធេង​របស់លោក​ជំទាវ ក្នុងការ​បំពេញបេសកកម្ម​ការទូត​យ៉ាង​រស់​រវើក និង​ផ្លែផ្កា ចូលរួមចំណែក​យ៉ាងសកម្ម​តាមរយៈ​បេសកកម្ម​សកម្ម​ការទូត​របស់លោក​ជំទាវ ដែល​បាន​ពង្រឹង ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​តួ​ក​គី ជាពិសេស​ការរៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​សម្ដេច​ទៅកាន់​ប្រទេស​ទួរគី និង​រៀបចំ​មូលដ្ឋាន​ជាច្រើន សម្រាប់​ពង្រីក ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ដែល​ចាំតែ​ពេលវេលា​ប៉ុណ្ណោះ ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​កើនឡើង​ទៅដល់​ចំនួន​ដែល​បានកំណត់​ទុក​។

ជាទី​បញ្ចប់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សារជាថ្មី ជូន​ចំពោះ​លោកជំទាវ និង​រដ្ឋាភិបាល​តួ​ក​គី ដែល​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា ទាំង​ការជួយ​ដល់​ជនក្រីក្រ ការសង់​ផ្ទះ​ជូន​ជនក្រីក្រ និង​ការធ្វើ​ផ្លូវ​តាម​ជនបទ​។​ល​។ សម្តេច​តេ​ជោ ក៏បាន​ជូនពរ​ឱ្យ​លោកជំទាវ អាយ​ដា ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​បេសកកម្ម​របស់លោក​ជំទាវ​នៅពេល​ខាងមុខ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close