មុនត្រូវសង្សាសម្លាប់ ជនរងគ្រោះបានបង្ហោះសារតានតឹងក្នុងចិត្តជាច្រើន​លើ​បណ្តាញសង្គម

កាលពីវេលាម៉ោង​ប្រមាណ៨យប់​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២២ មានករណីផ្អើលឆោឡោមួយ​បាន​កើតឡើង​នៅ​ចំណុច​ខាងក្រោយ​សាលា​បឋមសិក្សាបន្ទាយចាស់ ក្រោយ​ពី​មានក្លិនស្អុយ​ចេញពី​បន្ទប់ជួលមួយកន្លែង ហើយ​ក្រោយ​មក​សមត្ថកិច្ច​បានគាស់​ចូល ក៏​ឃើញ​បុរស​ម្នាក់ដេក​នៅក្បែរសាកសពស្រ្តីម្នាក់ដែលបានស្អុយ​ទៅហើយ។

ករណីនេះ មក​ទល់ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់នៅ​ឡើយ​ទេ ដោយ​កំពុង​តែធ្វើការ​សាកសួរ​បុរសជាសង្សាដែលជា​ជនសង្ស័យ​នោះ។

បើតាម​ប្រភពខ្លះថា បុរសគូរស្នេហ៍​ដែលជា​ជនសង្ស័យ គឺជា​មនុស្ស​ដែល​មាន​ប្រពន្ធកូនរួចទៅ​ហើយ និង​បានទាក់ទងស្នេហាជាមួយ​ជនរងគ្រោះ ហើយ​នៅ​មុនថ្ងៃដែល​បាត់​ស្រ្តីរងគ្រោះ អ្នកជិត​ខាង​បានលឺនូវ​សំឡេង​ឈ្លោះប្រកែក​គ្នា តែអ្នកជិត​ខាង​គ្រាន់តែស្មានថា ជាការ​ឈ្លោះ​គ្នា​ប្តីប្រពន្ធតែប៉ុណ្ណោះ។ លុះ​រយៈពេល​៣ថ្ងៃក្រោយ​មក​ គេក៏ធុំក្លិនស្អុយ​ចេញពីបន្ទប់ ប៉ុន្តែ​បន្ទប់នោះ​បានចាក់សោរពីខាងក្រៅ ទើបហៅសមត្ថកិច្ច​មក​ រួចសមត្ថកិច្ច​បានគាស់បន្ទប់ ក៏​ឃើញ​បុរស​ជាសង្សា​នៅ​ដេកក្បែរសាកសពដែលស្អុយ​នោះ។

តាមការសន្និដ្ឋានរបស់មហាជន ករណីនេះ​អាច​ជា​ករណី​ប្រចណ្ឌ ទើប​កើត​មាន​ជា​ការ​សម្លាប់​គ្នា។

យ៉ាងណាក៏ដោយ បើ​មើលទៅ​លើបណ្តាញ​សង្គមរបស់ជនរងគ្រោះ គេបានឃើញជនរងគ្រោះបង្ហោះ​នូវរូបភាពដើរលេងជា​ច្រើន ហើយ​ជាមួយ​គ្នា​នោះ គេ​ក៏​បានឃើញ​សារ​ពីការ​ឈឺចាប់ផងដែរ ដោយជនរងគ្រោះបានសរសេរថា «អារម្មណ៍ពេលនេះពិតជាតានតឹងខ្លាំងណាស់ខ្ញុំចង់ស្រែកយំអោយខ្លាំង ហើយចង់ស្រែកប្រាប់មេឃថាខ្ញុំហត់ណាស់ ខ្ញុំអស់កម្លាំងចិត្ត ខ្ញុំហត់និងលួងខ្លួនឯងអោយរឹងមាំម្ដងហើយម្ដងទៀតណាស់»។

បើតាម​មិត្តជិតស្និទ្ធរបស់ជនរងគ្រោះនិយាយថា ជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ហៅទីទី ចំណែក​បុរស​ជាគូស្នេហ៍​នោះ​មានឈ្មោះ សេង គីមហួរ។ មិត្តជិតស្និទ្ធនោះបន្តថា ស្រ្តីរងគ្រោះ និង​បុរសរូបនោះ គឺមានទំនាក់ទំនងគ្នាជាយូរ​មក​ហើយ និងក្រោយ​មក​បុរសជាសង្សា​ក៏​បានប្រាប់មិត្តរបស់ខ្លួនថា ទៅផ្ទះដើម្បីហៅឪពុកម្តាយ​ឲ្យ​មក​ចូលស្តីដណ្តឹង ប៉ុន្តែក្រោយ​មក​ទើបដឹងថា បុរសជាសង្សានោះ បាន​ទៅ​រៀបការប្រពន្ធ ជាហេតុ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មានការឈឺចាប់ និង​បានដើរលេងបន្លប់ការឈឺចាប់ទាំងនោះ។

មិត្តភក្តិជិតស្និទ្ធជនរងគ្រោះបានបន្តថា ស្របពេលជាមួយគ្នានេះ បុរសជាសង្សានោះ ក៏​តែងទាក់ទងមកជនរងគ្រោះ​ដើម្បីសុំត្រូវរ៉ូវគ្នា​ឡើងវិញ តែជនរងគ្រោះមិនបានព្រមឡើយ ដោយ​សារ​បុរសជាសង្សានោះ​បានការប្រពន្ធទៅហើយ និង​បានគេចមិនចង់ជួប។

យ៉ាងណាក៏ដោយ ពេលនេះ គេនៅ​រង់ចាំពីរបាយការណ៍​សួរ​ចម្លើយ​របស់សមត្ថកិច្ចទៅ​លើជនសង្ស័យថា តើ​ករណីស្លាប់ស្រ្តីរូបនេះ ផ្តើម​ដោយសាររឿងអ្វី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close