សហព័ន្ធខ្មែរទោចក្រយានបំផុសចលនាជិះកង់ ដើម្បីពង្រីកការផ្សព្វផ្យាយដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣
កីឡាករ កីឡាការិនីជាង១០០នាក់បានជួបជុំគ្នានៅក្រុងកែប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីពង្រីកចលនាកីឡាជិះកង់ឲ្យកាន់តែផុសផុលបន្ថែមទៀត រួមជាមួយនឹងគោលដៅចម្បងនៃការផ្សព្វផ្សាយក្នុងដំណើររបស់កម្ពុជាឆ្ពៅះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមគម្រោងជំនួយឧត្តមគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដើម្បីបញ្ជ្រាបនូវយុទ្ធនាការផ្សព្វផ្សាយ «ប្រជាជនម្នាក់ កង់មួយគ្រឿង ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
លោកបន្ថែមថា យុទ្ធនាការនេះ សហព័ន្ធនឹងបន្តរៀបចំមួយព្រឹត្តិការណ៍ទៀត នៅខេត្តសៀមរាប នាពេលខាងមុខ នៅក្នុងឱកាសការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រួមទាំងខេត្តគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយចំនួនទៀត។
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោកអគ្គលេខាធិការក៏បានអំពាវនាវឲ្យកីឡាករ កីឡាការិនី យុវជន និងមហាជូនសូមចូលរួមផ្សព្វផ្សាយពីយុទ្ធនាការនេះ ដើម្បីចូលរួមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា។ «សូមចូលរួមជិះកង់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាពីអំពើអបាយមុខផ្សេងៗ ហើយសូមរួមចំណែកផ្សព្វផ្សាយពីគោលដៅដ៏ចម្បង និងអបអរសាទរនៃដំណើរឆ្ពោះទៅរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង»។
កីឡាករ កីឡាការិនីដែលចូលរួមសុទ្ធតែបានបង្ហាញពីក្តីរីករាយ ក្នុងកម្មវិធីជិះកង់នេះ ហើយពួកគាត់បានប្តេជ្ញាចិត្តថានឹងប្រឹងប្រែង ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយពីយុទ្ធនាការ «ប្រជាជនម្នាក់ កង់មួយគ្រឿង ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»ឲ្យកាន់តែផុសផុលបន្ថែមទៀត។
លោក នូ ចំរើន បន្ថែមទៀតថា តាមរយៈការខិតខំនៃការរៀបចំកម្មវិធីផ្សព្វផ្សាយ នាពេលនេះ និងគោលដៅនៅតាមបណ្តាខេត្តជាច្រើនទៀត នាពេលខាងមុខនេះនឹងបង្កើតបាននូវឱកាសថ្មីៗ បន្ថែមទៀត ក្នុងការបំផុសស្មារតីមហាជន យុវជនឲ្យចូលរួមជិះកង់កាន់តែសម្បូរបែប។ ទាំងអស់នេះ គឺជាច្រកផ្លូវតែមួយ ក្នុងការពង្រឹង និងពង្រីកធនធានកីឡាករ កីឡាការិនីទោចក្រយានឲ្យកាន់តែរីកចម្រើននៃគោលដៅអភិវឌ្ឍន៍របស់ខ្លួន តទៅថ្ងៃអនាគតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។