គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​កោះកុង សម្រេចបាន​៦៤,៣៣%​ហើយ

​កោះកុង​៖ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​១០ ដោយ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន​១៩៧,៣៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​កោះកុង សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST) សាងសង់​ស្ពាន ចំនួន​២៣ កន្លែង ប្រវែង​១៧២១,៤៦​ម៉ែត្រ​ដែល​ក្នុងនោះ​មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ​ដែលមាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។ គម្រោង​ផ្លូវ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាល ពីថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​ផ្លូវ​នេះ​មានការ​ជ្រើសរើស​គន្លង​ផ្លូវ​ថ្មី​ប្រវែង​សរុប​៦៥,៨៩​គីឡូម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ពង្វាង​ពី​ភ្នំក្រវាញ ព្រោះតែ​មិន​ចង់​វះកាត់​ភ្នំក្រវាញ​ជា​ពីរ​នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជម្រក​សត្វព្រៃ​ធ្ងន់ធ្ងរ ដែល​នេះ​ជា ការបង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការថែរក្សា​បរិស្ថាន​។​

​ជា​លទ្ធផល គិត​រហូត​មកទល់ពេលនេះ ការសាងសង់​ផ្លូវ​នេះ​សម្រេចបាន​៦៤,៣៣%​។ បច្ចុប្បន្ន ក្រុមហ៊ុន​សាងសង់​កំពុង​បន្តការងារ​សាងសង់​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សម្រេច​ការងារ ឱ្យបាន​ចប់​ជា​ស្ថាពរ​តាម​ផែន​ការដែល​បានគ្រោង​ទុក​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ធ្វើដំណើរ​ចុះ​ពិនិត្យ ទីតាំង​ស្ពាន​មួយកន្លែង​មាន​កម្ពស់​រហូតដល់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ជា​ស្ពាន​ខ្ពស់ ជាង​ស្ពាន​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូម​ជម្រាបជូន​ថា​៖ គម្រោង​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ សហ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់ ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣​។

​ផ្លូវ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា អាចជួយ​សម្រួល​ដល់​ការតភ្ជាប់ ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ដល់​ការ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។​

​ផ្លូវ​នេះ​លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់​ខេត្តបាត់ដំបង ផ្លូវ​នេះ​មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​អាចជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍ ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដោយសារ​ផ្លូវ​នេះ​មាន​តំបន់​ធម្មជាតិ ជាច្រើន ជាពិសេស​ព្រៃឈើ​ក្រាស់ៗ​យ៉ាង​ស្រស់ស្អាត​។​

​គួរ​រំឭក​ផងដែរ​ថា​៖ នៅ​សម័យ​សង្គ្រាម​តំបន់​វាលវែង​នេះ​គឺជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅគគុក ប៉ុន្តែ​តាមរយៈ ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តំបន់​នេះ​ត្រូវបានធ្វើ​សមាហរណកម្ម ទាំងស្រុង និង​បានប្រែក្លាយ​ទៅជា​ដែនដី​រដ្ឋបាល​តែមួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបាន​អភិវឌ្ឍ គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ក្រោម​ម្លប់​សន្តិភាព និង​សេរីភាព​ពេញលេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close