ក្រសួងទេសចរណ៍ រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា ក្រោម​យុទ្ធនាការ​ទស្សនា​កម្ពុជា​បន្ទាប់ ដែលជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង នៅ​ទីក្រុង​មេ​ដាន

​ឥណ្ឌូនេស៊ី​៖ អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នាឱកាស​បើក​វេទិកា ទេសចរណ៍ អាស៊ាន​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ និង​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដែល​បាន​ជំ​រុញឱ្យ​ប្រទេស​សមាជិក​អាស៊ាន ពិចារណា​ក្នុង​ការបើក វិស័យ​ទេសចរណ៍​ដោយ​ផ្តើម​ពី​ចលនា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន (Intra-ASEAN Travelers) និង​ស្របតាម “​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​ដំណាក់កាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩” ក៏ដូចជា​ផែនការ យុទ្ធសាស្ត្រ បើកទទួល​ទេសចរ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម កា​ទើ ម​ហាំ​ម៉ាត់​ណោ​ស្រ៊ី អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ ដឹកនាំ​ប្រតិភូ​ចំនួន ៤​រូប រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា ក្រោម​យុទ្ធនាការ​ទស្សនា​កម្ពុជា​បន្ទាប់ ដែលជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង “Cambodian Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅ​ទីក្រុង​មេ​ដាន ប្រទេស​ឥណ្ឌូនេស៊ី ។​

​ថ្លែង​ក្នុង​សុន្ទរកថា​បើក ឯកឧត្តម កា​ទើ ម​ហាំ​ម៉ាត់ ណោ​ស​ស្រ៊ី បាន​មានប្រសាសន៍ថា កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា “Cambodian Tourism Roadshow” ក្រោម​យុទ្ធនាការ ទស្សនា​កម្ពុជា​បន្ទាប់ ដែលជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅ​ផ្សព្វផ្សាយ អំពី​សក្តានុពល វិស័យ​ទេសចរណ៍​កម្ពុជា ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ​រវាង ផ្នែក​ឯកជន កម្ពុជា – ឥណ្ឌូនេស៊ី ឱ្យ​បង្កើន ការលក់ កញ្ចប់ ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ឥណ្ឌូនេស៊ី រួមជាមួយ​ការផ្សព្វផ្សាយ អំពី ការ បើក​ដំណើរការ​សេវា ទិដ្ឋាការ ពេលមកដល់ (Visa On Arrival) សម្រាប់​អ្នកដំណើរ ពី​បរទេស​ចូលមក​កម្ពុជា​តាមផ្លូវ​អាកាស ផ្លូវគោក និង ផ្លូវទឹក ការលើកលែង លិខិត PCR Test អវិជ្ជមាន ៧២​ម៉ោង​មុន​ធ្វើដំណើរ ការលើកលែង​ធ្វើតេស្ត​រហ័ស​ពេលមកដល់ និង​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​ទីសាធារណៈ​ទូទាំងប្រទេស ព្រមទាំង​ជំរុញ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (SEA Games 2023) អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ (Asian Youth Games 2029) ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ។​

​កម្មវិធី​ផ្សព្វផ្សាយ​នេះ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​រដ្ឋបាលខេត្ត​ស៊ូ​ម៉ា​ត្រា​ភាគ​ខាងជើង (North Sumatera) និង​បណ្តា​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ភ្នាក់ងារទេសចរណ៍​ឥណ្ឌូនេស៊ី និង​កិច្ចសហការ​ពី​ក្រុមហ៊ុន Singapore Airlines ក្នុងការ​ជំរុញ​ការហោះហើរ​ត្រង់​ឡើងវិញ​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​តាមរយៈ​កម្មវិធី​នេះ ក្រសួងទេសចរណ៍​រំពឹងថា កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ឥណ្ឌូនេស៊ី ឱ្យមក​ទស្សនា “​កម្ពុជា – ព្រះរាជាណាចក្រ​អច្ឆរិយៈ សុវត្ថិភាព និង​ភាពកក់ក្តៅ​” កាន់តែ​ច្រើនឡើង​នៅ​ឆ្នាំ​២០២២-២០២៣ ដែលជា​ដំណាក់កាល​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close