គ​.​ជ​.​ប បង្ហាញ​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី​៥ ឆ្នាំ​២០២២​

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា យោងតាម​តារាង​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី​៥ ឆ្នាំ​២០២២​នេះ មាន​ដូចខាងក្រោម​៖

* ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត សរុប​ចំនួន ៧,៣៩៤,៤២៧​នាក់ ស្មើនឹង​៨០.៣២%
* សន្លឹកឆ្នោត​បានការ សរុប​ចំនួន ៧,២៣៧,០៣៧​សន្លឹក​
* សន្លឹកឆ្នោត​មិនបានការ សរុប​ចំនួន ១៥៧,៣៩០​សន្លឹក​
* បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ ចំនួន​៩ ក្នុងចំណោម​គណបក្សនយោបាយ ចំនួន​១៧ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បានទទួល​អាសនៈ​ក្រុមប្រឹក្សា សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្នុងនោះ​មាន​៖

* បញ្ជី​បេក្ខជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៩,៣៧៦​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស ភ្លើងទៀន ទទួលបាន ២,១៩៨​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៩​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន ១៣​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន ៦​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន ៥​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​យុវជន​កម្ពុជា ទទួលបាន ៣​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​កម្ពុជា​និយម ទទួលបាន ១​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន ១​អាសនៈ​

​គ​.​ជ​.​ប សម្រេច​ឲ្យ​អង្គភាព​ជំនាញ​ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​នេះ​ជា​សាធារណៈ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ និង​ផ្សាយ​តាម​គេហទំព័រ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម របស់ គ​.​ជ​.​ប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close