ជនសង្ស័យសារភាពថា ការសម្លាប់សង្សារនៅ​ក្នុងបន្ទប់ជួល គឺដោយសារប្រចណ្ឌ

បើតាមសមត្ថកិច្ចបាន​ឲ្យ​ដឹងថា ពេលនេះ​ជនសង្ស័យ​បានសារភាពហើយ​ករណី​ស្រ្តីម្នាក់ស្លាប់នៅ​ក្នុងបន្ទប់ជួល​រហូត​ស្អុយ ដែលបង្ករ​ឲ្យ​មានការភ្ញាក់ផ្អើល​កាលពីយប់ថ្ងៃទី២៣ ខែមិថុនា នៅសង្កាត់ស្លក្រាម ក្រុងសៀមរាបនោះ។

ជនសង្ស័យ​ដែលជា​មិត្តប្រុសជនរងគ្រោះ​បានសារភាពថា ខ្លួនជាបានសម្លាប់មិត្តស្រី ដោយច្របាច់ករហូត​ដល់ស្លាប់ ព្រោះតែ​ប្រចណ្ឌ។

គួរបញ្ជាក់ថា នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានករណីភ្ញាក់ផ្អើល​មួយ​បានកើត​ឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច ថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ករណីនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ទើបប្រទះឃើញសាកសព គ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។

ជនរងគ្រោះត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប។ ដោយឡែក សពជនរងគ្រោះ ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close