អាហារសមុទ្រដ៏ធំបំផុត របស់វៀតណាម បាននាំចេញទៅសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកគឺជាអ្នកទិញផលិតផលជលផលដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ២០២២នេះ ដែលស្មើនឹង ២៣ភាគរយនៃការនាំចេញសរុប។
សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានទិញគ្រឿងសមុទ្រតម្លៃ ជិត ១.១ ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែឧសភា កើនឡើង ៦៤ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១។
ជាការកត់សម្គាល់ អាមេរិកគឺជាអ្នកទិញបង្គាវៀតណាម ធំជាងគេ ក្នុងនោះ
ការនាំចេញបង្គាទៅសហរដ្ឋអាមេរិកបានកើនឡើង ៣២ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៣៩០ លានដុល្លារ។
រីឯការនាំចេញត្រីធូណាទៅសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងគឺដល់ ២៥១ លានដុល្លារ។ ការនាំចេញ ត្រីប៉ាងហ្គាស (Pangasius) របស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៣១ ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែត្រីប្រភេទនេះ វៀតណាមនាំទៅចិនច្រើនជាងគេបង្អស់។
VASEP បានប៉ាន់ប្រមាណថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកត្រូវបានកំណត់ថា នឹងឈានដល់ចន្លោះពី ២.៤ ទៅ ២.៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ កើនឡើង ២៥ ភាគរយ បើធៀបនឹងឆ្នាំមុន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។