អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ២៣​អដ្ឋិធាតុ​បន្ថែមទៀត​ ​ត្រូវបាន​ផ្ទេរ ប្រគល់ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កំណើត​វិញ

កាលពី​ចុង​សប្តាហ៍​នេះ នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិកា​រសិក​រង​សៀមរាប បានរៀបចំ​ធ្វើ​ពិធី​ផ្ទេរ​ប្រគល់ ទទួល​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ជំហាន​២ ដំណាក់កាល​ទី​២១ ឆ្នាំ​២០២២​ចំនួន ២៣​អដ្ឋិធាតុ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​វៀតណាម​វិញ ក្រោម​វត្តមាន​របស់លោក ពិន ប្រាកដ អភិបាល​នៃ​គណៈ​អភិបាលរង​ខេត្ត សៀមរាប ដោយមាន​ការចូលរួម​ពី​លោក​មេបញ្ជាការ បញ្ជា​ការរង តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប និង អស់លោក​ជា​សមាជិក​គណៈកម្មការ​រុករក​អដ្ឋិធាតុ និង ក្រុមការងារ K71 ចំណុះ​យោធភូមិភាគ​ទី​៧ ព្រមទាំង​មានការ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល​ជូន​ដល់​ដូង​វិញ្ញាណ​ក្ខ​ន្ត័​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ផងដែរ ។

​យោងតាម​របាយការណ៍​របស់​តំបន់​ប្រតិបត្តិកា​រសិក​រង​សៀមរាប បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមការងារ​គណៈកម្មការ​រុករក​ជីក​គាស់​ធ្វើ​មាតុភូមិនិវត្តន៍​វៀតណាម ខេត្ត​តៃនិញ​ជាមួយ​ខេត្តសៀមរាប បាន​ស្វែង​រុករក​ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ចាប់ពី​ឆ្នាំ​២០០៣ មកដល់​ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ចំនួន ៩៤០​អដ្ឋិធាតុ​ហើយ នៅ​ជំហាន​២ ដំណាក់កាល​ទី​២១​នេះ គឺ​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​២១ ខែកុម្ភៈ មកដល់​ថ្ងៃទី​១៣​មិថុនា ឆ្នាំ​២០២២​នេះ ជា​លទ្ធផល​ក្រុមការងារ បាន​រកឃើញ​អ​ដិ្ឋ​ធាតុ ចំនួន ២៣ អដ្ឋិធាតុ នៅ​ស្រុក​ចំនួន ៥ ក្នុង​ខេត្ត សៀមរាប មានស្រុក​ក្រឡាញ់ , ពួក , អង្គរជុំ , សូទ្រនិគម និង​ស្រុក​អង្គរធំ ។

​លោក​វរៈសេនីយ៍ឯក​បម្រុង ង្វៀង ដឹក​ថឹ​ង ប្រធាន​ក្រុមការងារ​អង្គភាព​K71 ចំណុះ​យោធភូមិភាគ​ទី​៧ ខេត្ត​តៃនិញ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​បាន​សហការ​ល្អជា​មួយក្រុម​ការងារ​អង្គភាព K71 របស់​វៀតណាម ក្នុងការ​ស្វែង​រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អ​ដិ្ឋ​ធាតុ​កងទ័ព​វៀតណាម​ដោយ ទទួលបាន​លទ្ធផល​ល្អ​។
​លោក​ក៏បាន​លើក​ផងដែរ ពី​ផលវិបាក ក្នុងការ​រុករក​អដ្ឋិធាតុ និង ស្រាវជ្រាវរ​កដោយ​ភូមិសាស្ត្រ​ដែល​បាន​កប់​សាកសព មានការ​ប្រែប្រួល និង សាក្សី​មួយចំនួន​ចាស់ជរា និង បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ការទទួល​ព័ត៌មាន​មិនបាន ជាក់ច្បាស់ ។

​លោក ពិន ប្រាកដ បាន​លើកឡើងថា ក្នុងការ​ស្វែង​រុករក និង ធ្វើ​មាតុភូមិនិវត្តន៍​អ​ដិ្ឋ​ធាតុ​កងទ័ព​វៀតណាម ដែល​បាន​ពលី​អាយុជីវិត ក្នុងសម័យ​សង្គ្រាម​នៅ​ខេត្តសៀមរាប ដំណាក់កាល​ទី​២១ នេះ គឺ​អនុវត្តន៍​តាម កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម និង​រវាង​ខេត្តសៀមរាប ជាមួយ​ខេត្ត​តៃនិញ ដោយមាន​ផែនការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័​ត្រ​ចិត្ត​វៀតណាម នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។

​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ចំពោះ​ការចូលរួម​ស្វែង​រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​វៀតណាម​នេះ គឺជា​ការងារ​មនុស្សធម៌​ដ៏​ល្អ​ផង និង​ជាការ​បង្ហាញ​ពី​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា​ផង ពីព្រោះ​ការ​ពលី​អាយុជីវិត​របស់​កងទ័ព​វៀតណាម លើ​ទឹកដី​កម្ពុជា គឺជា​ការរួមចំណែក​ក្នុង​រំដោះប្រទេស​ជាតិ​យើង ឲ្យ​មាន​សន្តិភាព​រហូតមក​ដល់ពេល​បច្ចុប្បន្ន ដូច្នេះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ត្រូវ​បន្ត​ខិតខំ​សហប្រតិបត្តិការ និង បង្កលក្ខណៈ​ងាយស្រួល ដល់​កិច្ចដំណើរការ​ស្វែង​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​ទឹកដី​ខេត្តសៀមរាប ដែល​នៅ​សេសសល់​បន្តទៀត ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​បាន​ជួបជុំ​ក្រុមគ្រួសារ​របស់ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close