វិទ្យាស្ថាន ខេ​ម​អេ​ដ ដណ្តើមបាន​មេដាយ​១២​គ្រឿង ក្នុងការ​ប្រកួត​កីឡា​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​

​កីឡាករ កីឡាការិនី​វិទ្យាស្ថាន ខេ​ម​អេ​ដ (CamEd Business School) បានឈ្នះ​មេដាយ​សរុប​១២​គ្រឿង នៅក្នុង​ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​។​

​គិត​មកដល់​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ វិទ្យាស្ថាន​ខេ​ម​អេ​ដ ដែល​ឈ្នះ​មេដាយ​សរុប​១២​គ្រឿង​នេះ រួមមាន​មេដាយមាស​លើ​វិញ្ញាសា​បាល់បោះ​នារី ដែល​ការ​ឈ្នះ​មេដាយ​របស់​ក្រុមកីឡា​ការិនី​បាល់បោះ​នេះ គឺជា​ការការពារ​ម្ចាស់​មេដាយមាស​៤​លើក​ជាប់ៗ​គ្នា ក្នុងការ​ប្រកួត​កម្រិត​ឧ​ត្ត​មសិ​ក្សា​នេះ​។ មេដាយមាស​ទី​២ បានឈ្នះ​លើ​ប្រភេទ​កីឡា​វាយ​សី​លើ​វិញ្ញាសា​វាយ​គូ​នារី ដោយ​កីឡាការិនី ជឺ ជូ​ឌី និង​ហៀ​ង លក្ខណា និង​មេដាយមាស​ទី​៣ បាន​លើ​វិញ្ញាសា​ហែល​ទឹក​។ ​ចំពោះ​មេដាយប្រាក់​៤​គ្រឿង​ដណ្តើមបាន​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT ដោយ​កីឡាការិនី ហែម សុធីរា​, តេ​ក្វាន់​ដូ ITF, ហែល​ទឹក និង​អត្តពលកម្ម ខណៈ​មេដាយ​សំរឹទ្ធ​៥​គ្រឿង​ដណ្តើមបាន​លើ​ប្រភេទ​កីឡាអត្តពលកម្ម (២) វាយ​កូនឃ្លី​លើ​តុ (២) និង​តេ​ក្វាន់​ដូ ITF (១)​។

​លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ (CamEd Business School) មាន ប្រសាសន៍ថា សម្រាប់​ការចូលរួម​ប្រកួត​កីឡា​ឧ​ត្ត​ម​សិក្សា​ថ្នាក់​នេះ គឺ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ចូលរួម កីឡា​រួមមាន​៖ បាល់បោះ (​បុរស​-​នារី​) តេ​ក្វាន់​ដូ WT (​នារី​) ហែល​ទឹក (​បុរស​-​នារី​) វាយ​សី (​បុរស​-​នារី​) តេ​ក្វាន់​ដូ ITF (​បុរស​-​នារី​) កា​រ៉ា​តេ (​នារី​) អត្តពលកម្ម (​បុរស​-​នារី​) និង​វាយ​កូនឃ្លី​លើ​តុ (​បុរស​)​។
​លោកនាយក​វិទ្យាស្ថាន​រូបនេះ​បន្ថែមថា កីឡាករ កីឡាការិនី ដែលជា​និស្សិត​របស់​ខេ​ម​អេ​ដ ចូលរួម​សរុប​មាន ចំនួន ៤៥​នាក់ ដោយ​ក្នុងនោះ​មាន​និស្សិត​នារី ២៣​នាក់ និង​បុរស ២២​នាក់​។ លោក ខេ​ស៊ី បា​ណេ​ត បានបង្ហាញ​ក្តីសង្ឃឹម​ថា ប្រភេទ​កីឡា​មួយចំនួនទៀត​នឹង​បន្ត​យកឈ្នះ​មេដាយ​ជា​បន្តបន្ទាប់​ទៀត ខណៈ​ការប្រកួត​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទើប​បញ្ចប់​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២​នេះ ដំណើរការ​ពីថ្ងៃ​ទី​២១-៣០ ខែមិថុនា ឆ្នាំ​២០២២ ដោយ​រៀបចំ​លើ​១២​ប្រភេទ​កីឡា​ស្មើនឹង​៨៨​វិញ្ញាសា ដោយ​ប្រើប្រាស់​៥​ទីលាន​ផ្សេងៗ នៅ​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close