សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧១​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧១​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)​។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡា​រឹក​នៅ​វិមាន​៧​មករា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​បក្ស​, អនុប្រធាន​បក្ស​ទាំង​៤​រូប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ,​សម្តេច​ក្រឡាហោម ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា ជាច្រើនរូប​ទៀត​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​៧១​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រាំ​រ៉ៃ ពី​ការបែកបាក់​ជាតិ និង​គំនរ​ផះ​ផង់​ទៅជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​គារវ​ភក្តីភាព និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​បាននិងកំពុង​គង់ប្រថាប់ ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​នៃ​ប្រជារាស្ត្រ​ខ្មែរ​នៅ​គ្រប់ទិសទី​។ ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណា​ក្ដី​ក៏ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រក្សា​ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដើម្បី​កសាង និង​ការពារ​ប្រទេស​កម្ពុ​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាព​សង្គម​។​

សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​ថា​ការសម្រេចបាន កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកនេះ បានធ្វើឱ្យ​កម្ពុជា​ចេញ​ផុតពី​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​ខិតខំ​ពុះពារ​សម្រេច​នូវ​ចក្ខុវិស័យ​របស់ខ្លួន ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ ភាពក្រីក្រ​របស់​ប្រជាជន​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ជីវភាព​របស់ ប្រជាជន​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព​សង្គម​មាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យ​ចាក់ឫស​កាន់តែ​រឹងមាំ​ក្នុងសង្គម​ខ្មែរ​។ កម្ពុជា​បាន​និង កំពុង​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ក្នុង​កិច្ចការ​អន្តរជាតិ​នានា​ទាំង​ក្របខណ្ឌ​តំបន់ និង សកល​។ បច្ចុប្បន្ន ប្រជាជន​យើង​កំពុង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា មាន​ក្តីសង្ឃឹម និង​មានឱកាស​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​សម្រាប់​ក្មួយៗ​ជា​យុវជន​ជំនាន់​ក្រោយ​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ដែលមាន​គណបក្សនយោបាយ​ចំនួន ១៧ ចូលរួម បាន​ប្រព្រឹត្តទៅ ដោយ​ជោគជ័យ​ក្នុង​បរិយាកាស​នយោបាយ អព្យាក្រឹត សេរី និង​សុខ​សុវត្ថិភាព​។ ប្រជាពលរដ្ឋ​ដ៏​ច្រើន​កុះករ​បាន​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​នីមួយៗ ប្រកបដោយ​ភាពថ្លៃថ្នូរ សប្បាយ រីករាយ និង​តាម​ឆន្ទៈ​របស់ខ្លួន ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឱ្យ​បន្ត​ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ កាន់តែ​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ថា ប្រជាជន​កម្ពុជា ត្រូវការ​ចាំបាច់​នូវ​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់​។ តាមរយៈ​ជ័យជម្នះ​នេះ នឹង​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន មូលដ្ឋាន​កាន់តែ​រឹងមាំ​សម្រាប់​ឈានទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ឆ្នាំ​២០២៣​ខាងមុខ ហើយ​បានធ្វើឱ្យ​បរាជ័យ​នូវ​ឧបាយកល និង​សកម្មភាព​ប្រទូសរ៉ាយ​ទាំងឡាយ​របស់​ពួក​ប្រឆាំង​ជ្រុលនិយម​និង​ពួក​អគតិ​ដែល​ដើរ​ផ្ទុយ​ពី​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ វិបត្តិ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ពិភពលោក​ទាំងមូល ដោយ​ពុំមាន​ប្រទេស​ណាមួយ​អាច​គេចផុត​បានឡើយ ក្នុងនោះ ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​បន្ត​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ កូ​វីដ​-១៩ សូម​បងប្អូន​ជនរួមជាតិ​យកចិត្តទុកដាក់​បន្ត​ការពារ​ខ្លួន​តាម​វិធានការ​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បានដាក់​ចេញ ជាពិសេស​សូម​អញ្ជើញ​ទៅ​ចាក់ វ៉ាក់សាំង​ដូ​ស​ទី​៣ ដូ​ស​ទី​៤ និង​បន្តទៅ​ដូ​ស​ទី​៥​ឱ្យបាន​គ្រប់ៗ​គ្នា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close