រដ្ឋបាល​ក្រុង​ពោធិ៍សាត់ ស្នើសុំ​ទៅ​ABD ឱ្យ​ដាក់​បន្ថែម​គម្រោង​របាំង​ការពារ​ដី នៅ​សងខាង​ផ្លូវ ប្រវែង​២០​គីឡូម៉ែត្រ​បន្ថែមទៀត​

​ពោធិ៍សាត់​៖ រដ្ឋបាល​ក្រុង​ពោធិ៍សាត់ បាន​នឹង​កំពុង​ស្នើសុំ​ទៅ​ABD ឱ្យ​ដាក់​បន្ថែម​គម្រោង​របាំង​ការពារ​ដី (Curb) នៅ​សងខាង​ផ្លូវ ក្នុង​ក្រុង​ពោធិ៍សាត់ ប្រវែង​២០​គីឡូម៉ែត្រ​បន្ថែមទៀត ខណៈ​ផែនការ ប្រវែង​១៥.៤២៧​ម៉ែត្រ ត្រូវបាន​ក្រុមការងារ​កំពុង​សាងសង់​យ៉ាង​មមាញឹក បាន​ប្រមាណ​៤.០៩១​ម៉ែត្រ​ហើយ ។​

​របាំង​ការពារ​ដី (Curb)​ខាងលើ គឺ​ស្ថិតក្នុង​អនុ​គម្រោង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ នៃ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង ជុំវិញ​បឹង​ទន្លេសាប ដែល​ត្រូវបាន​សាងសង់ឡើង នៅ​ទីតាំង​ផ្លូវ​ដែល​បាន​ក្រាល​កៅស៊ូ​រួចរាល់ ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​បំពេញតម្រូវការ​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមបែប​ស៊ីវីល័យ​ជឿនលឿន និង​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​ពោធិ៍សាត់ ឱ្យ​ស្រស់ស្អាត​បាន​មួយកម្រិត​ថែមទៀត​។​

​នេះ​គឺ​សមិទ្ធិ​ភាព​ថ្មី​មួយ​បន្ថែមទៀត ក្រោម​ម្លប់​នៃ​សន្តិភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ចាត់តាំង​ឱ្យ​ឯកឧត្តម ជាវ តា​យ មក​ដឹកនាំ​យន្តការ​នៅក្នុង​ខេត្តពោធិ៍សាត់ ធ្វើឱ្យ​ខេត្ត​កែប្រែ​មុខមាត់​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ភាពស្រស់​បំព្រង ទាំង​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង ភ្លើង​បំភ្លឺ​ផ្លូវ ភ្លើង​លម្អ​ចម្រុះ​ព័ណ៌ ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ របាំង​ការពារ​ដី (Curb) ការរៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ បូករួម​ទាំង​ការគ្រប់គ្រង​សម្រាម​ផងដែរ​។​

សូម​ជម្រាបជូន​ថា គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បី​ង​ទន្លេសាប សម្រាប់​ភូមិសាស្ត្រ​ក្រុង​ពោធិ៍សាត់ គឺមាន​អនុ​គម្រោង​ចំនួន​២ គឺ​ទី​១-​អនុ​គម្រោង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ ចាប់ផ្តើម​ការដ្ឋាន​អនុវត្ត​គម្រោង ចាប់តាំងពី​ដើមឆ្នាំ​២០២០ មកទល់ពេលនេះ សម្រេច​ការងារ​សាងសង់​បាន​ជាង​៩០% និង​ទី​២-​អនុ​គម្រោង​ទីលាន​ចាក់សំរាម ចាប់ផ្តើម​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០២០ មកទល់ពេលនេះ សម្រេច​ការងារ​សាងសង់​បាន​១០០%​ហើយ​។​

​ទី​១៖ អនុ​គម្រោង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ រួមមាន​៖
* ការជីក​ដាក់លូ​រំដោះ​ទឹកភ្លៀង និង​ទឹក​ស្ទួយ (​ល្អ​រួម​) ប្រវែង​២៤.៨១០​ម៉ែត្រ សម្រេចបាន​១០០%
* ការងារ​ដាក់​រឺ​ហ្គា ទាំង​លើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ ចំនួន​២.០៧៣​គ្រាប់ សម្រេចបាន​១០០%
* ការស្តា​បណ្តាញ​លូ​ចាស់ និង​ជួសជុល​រឺ​ហ្គា​ចាស់ ប្រវែង​២៧.១៩០​ម៉ែត្រ សម្រេចបាន​៦០%
* ការស្តា​ប្រឡាយ​រំដោះ​ទឹក​ចេញពី​អាង​ប្រព្រឹត្តិកម្ម ប្រវែង​២.៨០០​ម៉ែត្រ​, ការងារ​សាងសង់​លូ​១៧​កន្លែង រួមទាំង​ការ​ក្រាល​កៅស៊ូ DBST លើ​ខ្នង​ប្រឡាយ ប្រវែង​២.៣៤០​ម៉ែត្រ សម្រេចបាន​៩៨%
* ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ លើ​ផ្ទៃដី​៣​ហិកតា សម្រេចបាន​៩៣%
* ការ​ក្រាល​កៅស៊ូ​ផ្លូវ ប្រភេទ DBST ឡើងវិញ ប្រវែង​២០.០៧១​ម៉ែត្រ សម្រេចបាន​១០០%
* ការចាក់​បេតុង​ផ្លូវ ប្រវែង​២.៣៥៤​ម៉ែត្រ សម្រេចបាន ១០០%
* ការសាងសង់​ទំនប់​ការពារ​ទឹកជំនន់ នៅ​ភូមិ​កោះ សង្កាត់​លលកស ប្រវែង​១.៥០០​ម៉ែត្រ រួមទាំង​ការ​ក្រាល​ក្រស​ក្រហម​លើ​ទំនប់ សម្រេចបាន​១០០%
* ការធ្វើ​ច​ង្ឃ​ទឹក​ជុំវិញ​តំបន់​ផ្សារ​ថ្មី កំពុងដំណើរការ ដោយ​សម្រេចបាន​ប្រមាណ ៩០%
* ការងារ​រៀប របាំង​ការពារ​ដី (Curb) សងខាង​ផ្លូវ ប្រវែង​១៥.៤២៧​ម៉ែត្រ កំពុង​សាងសង់​ជាក់ស្តែង​។​

​ទី​២៖ អនុ​គម្រោង​ទីលាន​ចាក់សំរាម ចាប់ផ្តើម​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០២០ មកទល់ពេលនេះ សម្រេច​ការងារ​សាងសង់​បាន​១០០% រួមមាន​៖
* ផ្លូវ​ចូលទៅ​ទីលាន ប្រវែង​១.៥០០​ម៉ែត្រ ជា​ប្រភេទ DBST
* ការងារ​សាងសង់​ក្នុង​ទីលាន​រួមមាន ការចាក់​បំពេញ​ដី​ក្នុង​ទីលាន​, ផ្លូវ​ក្នុង​ទីលាន​ជា​ប្រភេទ AC ប្រវែង​៨៥០​ម៉ែត្រ​, របង​ព័ទ្ធជុំវិញ ប្រវែង​១.៥៨៩​ម៉ែត្រ​, រណ្តៅ​ទុកដាក់​សំរាម​ទី​០១ និង​ទី​០២, អគារ​រដ្ឋបាល​, ឃ្លាំង​សម្រាប់​ហាល​ភក់​, អាង​ចំរោះ​ទឹករងៃ​, ដាំ​កូនឈើ​៣៨៧​ដើម​, សង់​បង្គោល​ភ្លើង​សូ​ឡា ២៣​ដើម​, ស្រ​បំ លែង​ក្លិន​, អាង​ចំរោះ​ទឹក​ដែល​ហូរ​ពី​ស្រ​បំ​លែង​, ជញ្ជីង​ថ្លឹង​រថយន្ត​, អគារ​ដាក់​ម៉ាស៊ីនភ្លើង​, អគារ​ម៉ាស៊ីនបូមទឹក​, អណ្តូងទឹក​ប្រើប្រាស់ ១​កន្លែង​, និង​អណ្តូងទឹក​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក ២​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close