រុស្ស៊ី​ព្រមាន​ណា​តូ បើ​ហាន​ឈ្លានពាន​តំបន់​គ្រី​មៀ និង​ក្លាយជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​

​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា រាល់​ការឈ្លានពាន​ណាមួយ​របស់​ណា​តូ​ទៅលើ​តំបន់​គ្រី​មៀ គឺជា​ការប្រកាសសង្គ្រាម​ដោយផ្ទាល់​រវាង​ណា​តូ​និង​រុស្ស៊ី ហើយ​នោះ​គឺជា​ការចាប់ផ្តើម​សង្គ្រាមលោកលើកទីបី​។​

​លោក Dmitry Medvedev បានប្រកាសថា​« ចំពោះ​យើងខ្ញុំ តំបន់​គ្រី​មៀ​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​រុស្ស៊ី ហើយ​រាល់​ការឈ្លានពាន​តំបន់​គ្រី​មៀ​គឺជា​ការប្រកាសសង្គ្រាម​ជាមួយ​រុស្ស៊ី​»​។ លោក​បន្តទៀតថា ប្រទេស​ណាមួយ​ដែលជា​សមាជិក​របស់​ណា​តូ ឈ្លានពាន​តំបន់​គ្រី​មៀ គឺជា​ការប្រកាសសង្គ្រាម ហើយ​ពេលនោះ​សង្គ្រាមលោកលើកទីបី​អាច​នឹង​ផ្ទុះឡើង បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ ។​

​លោក Dmitry Medvedev បច្ចុប្បន្ន​ជា​អនុប្រធាន​គណកម្មការ​សន្តិសុខ​ជាតិ បាន​លើកឡើងថា ប្រសិនបើ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ចូល​ជា​សមាជិក​ណា​តូ រុស្ស៊ី​នឹង​បង្កើន​ការការពារ​ព្រំដែន​របស់ខ្លួន​ត្រៀមលក្ខណៈ​ក្នុងការ​ទប់ទល់​។ នៅពេលនោះ​រុស្ស៊ី​នឹងដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​អន្តរទ្វីប បំពាក់​ក្បាល​គ្រាប់​បរមាណូ ប្រភេទ Iskander ត្រៀម​ទប់ទល់​នឹង​ការគំរាមកំហែង ។​

​រុស្ស៊ី​ក៏បាន​ព្រមាន​ជាច្រើនលើក​ច្រើនសា​ដល់​ប្រទេស​លោកខាងលិច ពិសេស គឺ​ប្រទេស​ណា​តូ មិនត្រូវ​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​រុស្ស៊ី​នោះឡើយ ។ ក្នុងពេល​នេះដែរ​រុស្ស៊ី​បានដាក់​កម្លាំង​អាវុធ​បរមាណូ ក្នុងស្ថានភាព​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​ណា​តូ​លូកដៃ​ដោយផ្ទាល់​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close