ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ មានគម្លាតរយៈពេលចាប់ពី៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ សូមអញ្ជើញទៅចាក់ដូសជំរុញបន្ថែមទៀត
យោងសារសម្លេងនាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ និងការយល់ព្រមដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាប ជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា បច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ ដែលការចាក់វ៉ាក់សាំងកូវីដ-១៩ នេះនៅតែជាឧបករណ៍មួយចាំបាច់ក្នុងការបង្កើន ភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ គ.វ.ក-១៩ សូមគោរពជម្រាបជូនដល់បងប្អូន ក្មួយៗ ដែលមិនទាន់បានចាក់វាក់សាំងកូវីដ-១៩ ឬដល់វេនចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំង ចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដែល កំពុងបន្តចាក់ជូនជារៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ជូនដល់ ក្រុមអាយុដូចខាងក្រោម៖
ចំពោះក្រុមអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម៦ឆ្នាំ ដែលបានចាក់វ៉ាក់សាំងដូសទី២រួច ហើយមិនទាន់បានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ចំនួន ៥៣២.៣៧១ នាក់ គ.វក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពួកគាត់ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។
ចំពោះក្រុមអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងដូសទី៣រួច ហើយមិនទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ចំនួន ១.៣២៤.៦៥២ នាក់ គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនពួកគាត់ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។
ចំពោះក្រុមអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងដូសទី៤រួច ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចំនួន ២.៦០៥.១០៩ នាក់ គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនពួកគាត់ចាប់ ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
ចំពោះក្រុមអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ជាបន្តបន្ទាប់នៅក្នុងគម្លាតពី៣ខែឡើង សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩នៃមន្ទីរពេទ្យជាតិចំនួន៦ (មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ – មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យគន្ធបុប្ផា) ដែលធ្លាប់បានផ្តល់ការចាក់វ៉ាក់សាំងជូនកន្លងមក។
ចំពោះក្រុមអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ព្រមទាំងប្រជាពលរដ្ឋទូទៅដែលស្ថិត នៅក្នុងក្រុមអាយុដូចគ្នាខាងលើនេះ ដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ជាបន្ត បន្ទាប់នៅក្នុងគម្លាតពី៣ខែឡើង សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅគ្រប់ទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពនានា ព្រមទាំងទីតាំងចល័ត ដែលរៀបចំដោយរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ដែល មានគម្លាតរយៈពេលចាប់ពី៣ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬដូសទី៣ ឬដូសទី៤ ឬបានចាក់ វ៉ាក់សាំងចនសុន ចនសុន មួយដូសរួច សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅតាមទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ ដូចបានគោរពជម្រាបជូនខាងលើឱ្យបានគ្រប់ៗគ្នា…និងសូមក្រើនរំលឹកដល់អ្នកដែលមិនទាន់បានទទួលការ ចាក់វ៉ាក់សាំងដូសទី១ និងទី២ទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។