ពលរដ្ឋ ៖ រថយន្តដឹកឈើពេញព្រៃមិនចាប់ បែរជាមកចាប់ពលរដ្ឋក្រីក្រដឹកធ្យូងលក់តាមគោយន្ត
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍សមត្ថកិច្ចមួយហ្វូងនៅស្រុកភ្នំក្រវាញ ដេញចាប់គោយន្តដឹកធ្យូងរបស់ស្រ្តីមេម៉ាយម្នាក់កំពុងបើកលក់តាមផ្លូវ បានសម្តែងនូវការហួសចិត្ត និងបាននិយាយគ្រប់មាត់ថា រថយន្តដឹកឈើបើកពេញព្រៃសមត្ថកិច្ចមិនចុះចាប់ បែរជាទៅចាប់អ្នកក្រីក្រដឹកធ្យូងដើរលក់ទៅវិញ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចប្រដាប់ដោយអាវុធ ព្រមជាមួយមន្រ្តីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃតំបន់ជួរភ្នំក្រវាញផង បានបើករថយន្តមកស្ទាក់ចាប់គោយន្តដឹកធ្យូមួយគ្រឿង ដែលកំពុងដឹកធ្យូរដើរលក់តាមផ្លូវ ស្ថិតនៅក្នុងទីប្រជុំជនស្រុកភ្នំក្រវាញតែម្តង។
ពេលឃាត់ចាប់នោះ សមត្ថកិច្ចបានទាមទារនាំយកគោយន្តដឹកធ្យូងនោះទៅកាន់ស្នាក់ការ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាឈឺឆ្អាល និងបាននាំគ្នាទាញទម្លាក់ធ្យូងចេញពីគោយន្តបោះចោលមកដីទាំងអស់តែម្តង។
លោកស្រី អុក រ៉ែម ដែលជាម្ចាស់ធ្យូងបាននិយាយថា គាត់គឺជាស្រ្តីមេម៉ាយកូន៣ រស់នៅភូមិសេត្តបុរី ឃុំកន្ទ្រែ ស្រុកភ្នំក្រវាញ , ដោយគ្មានមុខរបរអ្វីដើម្បីចិញ្ចឹមជីវិត និងកូន គាត់បានដើរទិញធ្យូងពីអ្នកស្រុក និងបានជួលគោយន្តគេដើម្បីដឹកដើរលក់នៅតាមទីប្រជុំជនក្នុងស្រុក ហើយក៏ត្រូវសមត្ថកិច្ចដែលមានទាំងក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃមកចាប់ ដោយថា នេះគឺជាករណីខុសច្បាប់។
ក្រោយឃើញករណីនេះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននាំគ្នាឡើងទាញធ្យូងទាំងនោះទម្លាក់ចោល ដោយព្រមទាំងនិយាយផងដែរថា រថយន្តដឹកជញ្ជូនឈើទាំងកណ្តាលថ្ងៃពេញព្រៃ ហេតុអ្វីបានជាមិនទៅចាប់ តែបែរជាមកចាំប្រជាពលរដ្ឋក្រីក្រទៅវិញ។
យ៉ាងណាក៏ដោយ ធ្យូងដែលត្រូវបានទម្លាក់ចោលទាំងនោះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រមូលដាក់ឡានយកទៅទាំងអស់ ដោយទុកត្រឹមតែ៤ការុងសម្រាប់ម្ចាស់តែប៉ុណ្ណោះ។
ចំពោះករណីនេះ យើងមិនទាន់អាចស្វែងរកការបំភ្លឺពីអាជ្ញាធរ ក៏ដូចជាក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបាននៅឡើយទេនៅថ្ងៃនេះ៕
ដោយ៖ ជា រ៉ានី
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។