ការប្រកួត​កីឡា​សីដក់ បានបញ្ចប់​ដោយ​ជោគជ័យ​!

​ប្រកាស​បិទ​ការប្រកួត​កីឡា​សីដក់​នៃ​ព្រឹត្តិការណ៍​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​ ​ព្រឹត្តិការណ៍​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រ​ឆ្នាំ​២០២២​បានបញ្ចប់​ដោយ​ជោគជ័យ លើ​ប្រភេទ​កីឡា​សីដក់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៤​ថ្ងៃ​។​

​ឯកឧត្តម​បណ្ឌិត មាស សារិន ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា​មានប្រសាសន៍ថា ក្នុងនាម​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា ឯកឧត្តម​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​សីដក់​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ឆ្នាំ​២០២២​នេះ​។

​ឯកឧត្តម​បណ្ឌិត​បន្ថែមទៀតថា ការប្រកួត​នេះ គឺជា​ការផ្តល់​ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​បាន​បញ្ចេញ​នូវ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស ដែល​កីឡាករ កីឡាការិនី​ម្នាក់ៗ​បាន​ហ្វឹកហាត់​កន្លងមក ហើយក៏​ជា​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ លទ្ធផល​របស់​កីឡាករ កីឡាការិនី ដែល​ទទួល​ជ័យលាភី នាពេលនេះ ពិតជា​បានមកពី​ការខិតខំ​ហ្វឹកហាត់​ជាប្រចាំ មាន​ការតស៊ូ​ព្យាយាម​គោរព​វិន័យ​បានល្អ យកចិត្តទុកដាក់ និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេស នៅក្នុង​ការប្រកួត​។

​ជាមួយនេះ​ក៏​ជា​ឱកាស​ផ្តល់ជូន​គណៈកម្មការ​រៀប​ចំការ​ប្រកួត បាន​ដកស្រង់ និង​ពង្រីក​បទពិសោធ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​រៀបចំ ការប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ទស្ស​និជ​ន​ឲ្យ​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្មួយៗ កីឡាករ​-​កីឡាការិនី​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា ការអញ្ជើញ​ផ្តល់​កិត្តិយស​ក្នុង​ពិធី​បំពាក់​មេដាយ​ជូន​ម្ចាស់​ជ័យលាភី រួមមាន ឯកឧត្តម​បណ្ឌិត មាស សារិន​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ជា ប៊ុនហេង ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​,​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​តំណាង​ប្រតិភូ​កីឡា​មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close