រថយន្ត​ឈ្មួញដឹកឈើ​​បុក​បា​រ៉ា​ស់ប៉ះ​រថយន្ត​មេព្រៃ​ខ្ទេច​មួយ​ចំហៀង​

ក្រចេះ​: រថយន្ត​កែច្នៃ​ដឹកឈើ​មួយគ្រឿង បាន​បើក​បុក​បា​រ៉ា​ស់​យោធា ការពារ​ព្រំដែន ហើយ​ក៏បាន​ជ្រុល​ប៉ះ​រថយន្ត​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​កំពុង​ស្ទាក់​បង្ក្រាប​បណ្ដាលឱ្យ​ខ្ទេច មួយ​ចំហៀង​កាលពី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី ២៩​ខែមិថុនា​ឆ្នាំ​២០២២​នៅលើ​ផ្លូវ​ក្រួស​ក្រហម ចូលទៅ​ច្រកព្រំដែន អូរ​លាវ ហៅ​ដេ​១ ស្ថិត នៅក្នុង​ភូមិ មានជ័យ ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​សាំង​យ៉ុង​កែច្នៃ​ដឹកឈើ​មួយគ្រឿង​បម្រុង នឹង​ដឹកឈើ ទៅ​លក់​នៅ​ព្រំដែន ប្រទេស​វៀតណាម​។​ពេលនោះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​ក៏បាន​ចុះបង្ក្រាប​។​ស្របពេល​កំពុងតែ​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​នោះ​មិនបាន​ឈប់​ទេ​ដោយ​បើក​ទៅបុក​បា​រ៉ា​ស់​យោធា​ការពារ​ព្រំដែន​និង​បុក​រថយន្ត​របស់​អធិការ​មេគង្គ​នៃ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​កំពុង​ស្ទាក់​បង្ក្រាប​នៅ​បា​រ៉ា​ស់​យោធា​។​

រថយន្ត​ដឹកឈើ​បន្ទាប់ពី​បុក​បា​រ៉ា​ស់កៀរ​រថយន្ត​អធិការ​មេគង្គ​ភ្លាម​ក៏​ដាច់​កង់​ក្រោយ​ទៅមុខ​លែងរួច​។​ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ជួប​ហេតុការណ៍​នោះ មិនមាន​គ្រោះថ្នាក់​អ្វី​ទេ គឺ​ខូចខាត​តែ​រថយន្ត​។ ចំណែក រថយន្ត​ដឹកឈើ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ខ្សឹ​ម​និង​កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

បើយោង​តាម​សេចក្តីរាយការណ៍ថា បច្ចុប្បន្ន​នេះ​ពួកឈ្មួញឈើ​បានធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង សម្រុកដឹកចេញទាំងយប់ទាំងថ្ងៃតែម្ដង តាមដងផ្លូវជាតិលេខ ៧៨ គឺចេញពីក្នុងភូមិសាស្ត្រទឹកដី ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកកាត់តាមស្នាក់ការប៉េអឹម៧០៩ ច្រក១០៧ ស្ពានជ្រៃមាំង ទីស្នាក់ការបរិស្ថាន គីឡូ៨៨-រង្វង់មូលទីរួមស្រុកស្នួល នៃខេត្តក្រចេះ យកមកលក់ឱ្យឈ្មួញទៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ គឺចេញតាមផ្លូវក្រួសក្រហម ហៅដេ១។ ការដឹកជញ្ជូនឈើឆ្លងដែន តាមចំណុចខាងលើនេះ មានការគប់គិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញអាចដឹកឈើតាមរយៈរថយន្តស៊ាំយ៉ុងកែច្នៃចេញ ទៅលក់នៅប្រទេសវៀតណាមបានដោយរលូន គ្មានការរំខានដល់សមត្ថកិច្ចឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close