រដ្ឋាភិបាល​សាធារណៈ​កូរ៉េ ពេញចិត្ត​ជួយ​កម្ពុជា លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​

​ភ្នំពេញ​៖ លោក ឡេង តុង ទីប្រឹក្សា​អម​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បានទទួល​ស្វាគមន៍​គណ​:​ប្រតិភូ​នៃ​សាធារណ​:​រដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក Soe Yongsoo អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ ដើម្បី​ចុះ​ទស្សន​:​កិច្ច​សិក្សា​លើ​ការអនុវត្ត​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែលមាន​រយ​:​ពេល ៣​ឆ្នាំ (២០២២-២០២៤) ចំណាយ​ទឹកប្រាក់​ជាង ២,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ព្រមទាំង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង (Implementation Agreement) រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ​(KOSHA)​។

​នៅក្នុង​កិច្ចប្រជុំ​ភាគី​ទាំងពីរ បាន​សម្តែង​សេចក្តី​រីករាយ​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ក្នុងនោះ​រាជរដ្ឋាភិបាល​នៃ​សាធារណ​:​កូរ៉េ តាមរយ​:​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ និង​ក្រសួង​ការងារ និង​មុខរបរ តែងតែ​ជួយ​ដល់​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក្នុងការ​ពង្រឹងសមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ និង​រួមចំណែក​ដល់​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាការ​កត់សម្គាល់ លោក​ប្រធាន​គណៈ​ប្រ​តូ​ភូ​កូរ៉េ បាន​សម្តែង​នូវ​សុ​ឆន្ទ​:​ខ្ពស់​ក្នុង​ការបន្ត​កិច្ចសហការ និង​បន្ត​គម្រោង​ចាំបាច់​ផ្សេងៗ​ទៀត​ដែល​KOSHA គ្រោង​នឹង​ជួយ​ដល់​ភាគី​កម្ពុជា​។

​ក្នុងនោះដែរ ភាគី​កូរ៉េ បានបង្ហាញ​អំពី​គម្រោង​ជំនួយ​អភិវឌ្ឍន៍ (ODA) របស់​រដ្ឋាភិបាល​កូរ៉េ និង​វឌ្ឍនភាព​របស់​គម្រោង​ដែល​បាន​នឹង​កំពុង​អនុវត្ត​កន្លងមក តាមរយៈ​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ (KOSHA) ដើម្បី​បង្កើត​ច្បាប់​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ និង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​ប្រទេស​កម្ពុជា និង​ការពង្រឹង​សមត្ថភាព​ដ​ល់​មន្ត្រី​ផ្នែក​បណ្តុះបណ្តាល​កម្ពុជា ជាពិសេស​ការផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​នាយកដ្ឋាន​ពេទ្យ​ការងារ​ចំនួន ៦​រូប ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close