ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត លើកកម្ពស់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ ជូន​ដល់​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នាៗ និង​បាន​ឆាប់រហ័ស​

​យោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សារ​សម្លេង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល​សូម​ឲ្យ ឯកឧត្តម លោកជំទាវ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវធ្វើ​ការអប់រំ ស្វែងរក និង​ណែនាំ​ដល់​បុគ្គល​ដែល​ពុំទាន់​បាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ ទី​៤ និង​ទី​៥) ឱ្យ​ចាក់​វ៉ាក់សាំង ប្រសិនបើ​ពុំមាន​កត្តា​សុខភាព​ដែល​ត្រូវបាន វាយតម្លៃ​ពី​គ្រូពេទ្យ​ថា​ពុំ​អាច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​។​

​សូម​ឯកឧត្តម លោកជំទាវ ធ្វើការ​ណែនាំ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច និង​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ដូចខាងក្រោម​៖

– ប្រសិទ្ធភាព​វ៉ាក់សាំង​ថយចុះ​តាម​ពេលវេលា​។ អង្គ​ប​ដិ​ប្រាណ​ដែល​បាន​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ អាច ថយចុះ​បន្តិច​ម្តងៗ បន្ទាប់ពី​រយៈពេល ៣​ខែក្រោយ​ចាក់ ដែល​នឹង​ពុំ​អាច​ការពារ​បុគ្គល​នោះ​ពី​ការឈឺ​ធ្ងន់ ឬ​ស្លាប់​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩​។ ភាពស៊ាំ​ថយចុះ​កាន់តែ​លឿន ចំពោះ​មនុស្ស​ចាស់ និង​អ្នក​ដែល មាន​ជំងឺ​រួមផ្សំ​ច្រើន ក៏ដូចជា​អ្នក​ដែល​ប្រឈម​ខ្លាំង និង​ការប៉ះពាល់​វីរុស​កូ​វីដ​-១៩

– អត្រា​គ្របដណ្តប់​នៃ​វ៉ាក់សាំង​ដូ​ស​ទី​៣ ទើបបាន ៥៩% នៃ​ប្រជាជន​កម្ពុជា​សរុប​តែប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០២២

– វីរុស​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង BA.2 ឆ្លង​លឿន​ជាង​វីរុស​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង​ដើម និង​អាច​បណ្តាលឱ្យ ស្លាប់​ជាង​វីរុស​កូ​វីដ​-១៩ ប្រភេទ​ដែល​តា ផងដែរ​

– អ្នកដំណើរ​ចេញ​-​ចូល​ប្រទេស​កាន់តែ​ច្រើនឡើងៗ ក៏​ជា​ឱកាស​ដែលនាំឱ្យ​មានការ​ចម្លង​នូវ​វីរុស​បំប្លែង ខ្លួន​ថ្មីៗ (​ដែល​បច្ចុប្បន្ន វីរុស​ប្រភេទ​អូ​មី​ក្រុង BA.4, BA.5 កំពុង​គ្របដណ្តប់​ការចម្លង​ករណី​ថ្មី នៅ ប្រទេស​មួយចំនួន​)

– មន្ត្រី និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ឈរជើង​តាម​ព្រំដែន (​ផ្លូវគោក ទឹក និង​អាកាស​) ត្រូវ​ប្រកាន់ ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​ដែល​នៅ​ជា​ធរមាន​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​ប្រជាជន​ខ្មែរ និង​ជនបរទេស ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ព្រំដែន​។​

​ដូច្នេះ​ទោះបី​ជាការ​រាតត្បាត និង​ហានិភ័យ​សុខភាព​សាធារណៈ ត្រូវ​គ្រប់គ្រង​បាន​ប្រកបដោយ​ប្រសិទ្ធភាព ក៏​ឱកាស​នៃ​ការផ្ទុះ​ឆ្លង​រាតត្បាត​ឡើងវិញ​នៅតែ​អាច​កើតមាន​ជាយថាហេតុ ដែល​ទាមទារ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន និង​បន្ត​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ ទី​៤ និង​ទី​៥) ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា បាន ឆាប់រហ័ស និង​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ និង​៣​កុំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការផ្ទុះ​ឆ្លង​រាតត្បាត​ឡើងវិញ ក្នុង​សហគមន៍ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​សាធារណៈ ប្រព័ន្ធ​សុខាភិបាល និង​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ដែល​កំពុងដំណើរការ​ពេញលេញ​ក្នុងពេល​បច្ចុប្បន្ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close