NATO នឹងបន្តបញ្ជូនអាវុធឱ្យទៅអ៊ុយក្រែន បើសង្គ្រាមមិនទាន់បញ្ចប់
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នាថ្ងៃពុធនេះថា សម្ព័ន្ធមិត្តអង្គការ NATO នឹងបន្តផ្គត់ផ្គង់នូវសព្វាវុធដល់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដរាបណាវានៅតែជារឿងចាំបាច់។
លោក Scholz បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលដែលលោកបានទៅដល់ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំកំពូលរបស់អង្គការ NATO ថា «វាជារឿងល្អដែលប្រទេស ដែលប្រមូលផ្តុំគ្នានៅទីនេះ និងប្រទេសជាច្រើនទៀត ចូលរួមវិភាគទានរបស់ពួកគេ ដើម្បីជួយអ៊ុយក្រែនឱ្យអាចការពារខ្លួនបាន តាមរយៈការផ្តល់មធ្យោបាយហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ ប៉ុន្តែថែមទាំងផ្តល់សព្វាវុធ ដែលអ៊ុយក្រែនត្រូវការជាបន្ទាន់ផងដែរ»។ លោកអធិការបតីអាល្លឺម៉ង់ បានបន្ថែមថា «សារនេះគឺ យើងនឹងបន្តធ្វើដូច្នេះ និងដើម្បីធ្វើរឿងនេះឱ្យបានខ្លាំងក្លា ដរាបណាវាចាំបាច់ ដើម្បីឱ្យអ៊ុយក្រែនការពារខ្លួន»។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ទើបតែបានប្រកាសអំពពីគម្រោងបញ្ជូនកាំភ្លើងធំ រួមគ្នាជាមួយហូឡង់ សរុបចំនួន៦គ្រឿង បន្ថែមទៀតឱ្យទៅអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។