អនុប្រធាន​ប្រតិភូ​កីឡា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រីករាយ ​ចំពោះ​សមិទ្ធផល​មេដាយ ក្នុងការ​ប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា​

លោក ហេង ឌី​ណា អនុប្រធាន​ប្រតិភូ​កីឡា និង​ជា​ប្រធាន​សមាគមនិស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) បានបង្ហាញ​នូវ​ក្តី​រីករាយ​ជាខ្លាំង ដែល​កីឡាករ កីឡាការិនី​ជា​និស្សិត​របស់ខ្លួន​បាន​ចូលរួម​ប្រកួត​អស់ពី​សមត្ថភាព ក្នុងការ​ដណ្តើម​សមិទ្ធផល​ជា​មេដាយ ក្នុងការ​ប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២​។​

​សមិទ្ធផល​មេដាយ​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទទួលបាន គឺ​មេដាយមាស​១​វិញ្ញាសា លើ​ប្រភេទ​កីឡាបាល់ទះ​នារី មេដាយប្រាក់​៧​គ្រឿង និង​មេដាយ​សំរឹទ្ធ​៧​គ្រឿង សរុប​១៥​គ្រឿង​។
​លោក​អនុប្រធាន​ប្រតិភូ​កីឡា​រូបនេះ​បាន​បញ្ជាក់ថា RUPP បាន​បញ្ជូន​កីឡាករ កីឡាការិនី​ចូលរួម​លើ​ប្រភេទ​កីឡា​មិន​ច្រើន​ទេ ប៉ុន្តែ​ដណ្តើមបាន​មេដាយ​បាន​ច្រើន​ដែរ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព និង​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ក្រុមនិស្សិត​ទាំងអស់ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ឧ​ត្ត​មសិ​ក្សា​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២​នេះ​។​

​លោក ហេង ឌី​ណា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​សាកលវិទ្យាធិការ សាកលវិទ្យាធិការរង និង​គណៈ​គ្រប់គ្រង RUPP ទាំងអស់ ដែល​បានផ្តល់​ការលើកទឹកចិត្ត​គាំទ្រ​និស្សិត​ទាំងអស់​ចូលរួម​ប្រកួត ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ពួកគាត់​ឲ្យ​កានតែ​រីកចម្រើន​បន្ថែមទៀត សម្រាប់​ត្រៀម​ប្រកួត​នា​ព្រឹត្តិការណ៍​ក្រោយៗ​ទៀត​។​

​ជារួម លោក​អនុប្រធាន​ប្រតិភូ​រូបនេះ​បាន​សង្កេតឃើញថា ការរៀបចំ​ការប្រកួត​កីឡា​នានា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្តល់​កិច្ចសហការ​បច្ចេកទេស​គ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ គឺមាន​ភាពល្អប្រសើរ​ខ្លាំងណាស់ ទាំង​ការទទួល​រៀបចំ ការហូបចុក ស្នាក់នៅ ដឹកជញ្ជូន រួមទាំង​លក្ខណៈ​បច្ចេកទេស​កីឡា គឺមាន​ភាព​សុ​ក្រិត​យុត្តិធម៌ មិន​លម្អៀង​នោះឡើយ​។

​តាមរយៈ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ នេះ​បានបញ្ចប់​ដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​នេះ​ជាមួយនឹង​ភាព​រីករាយ និង​កក់ក្តៅ​បំផុត​។​

​ជាមួយនឹង​គោលដៅ​ចម្បងៗ​នៃ​ការរៀបចំ​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​តាម​តម្រង់​ហ្គេម​ថ្នាក់​ជា​នេះ​ឆ្នាំនេះ​បាន​ជំរុញ​ផែនការ​នៃ​ការរៀបចំ​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​ជាមួយគ្នានេះដែរ ក្នុងនាម​ប្រធាន​សមាគមនិស្សិត RUPP លោក​ក៏បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​និស្សិត និង​លើកទឹកចិត្ត​ដល់​និស្សិត​បន្ត​ការផ្សព្វផ្សាយ​ដល់​មិត្ត​ភ័ក្ត្រ បងប្អូន​គាត់ នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close