សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯ​ឧ​ត្ត​ម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក នៃ អង្គការ​សុខភាព​ពិភពលោក (WHO) ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។

​ឯកឧត្តម បណ្ឌិត Takeshi kasai បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ឯកឧត្តម​សូម​សម្ដែង​នូវ​ការគោរព​និង​ទទួលស្គាល់​ចំពោះ​វីរភាព​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ក្នុង​ការដឹកនាំ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាមួយនឹង​កិច្ចប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ និង​ការប្រឹងប្រែង​យ៉ាងសកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល យុវជន​ស្ម័គ្រចិត្ត និង​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម​សូម​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម បានធ្វើការ​កត់សម្គាល់​នៅ​ចំណុច​ចំនួន ៣ រួមមាន​៖ ទី​១) កម្ពុជា​ដើរ​ជា​គំរូ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​និង​ពិភពលោក​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​។ ទី​២) កម្ពុជា​ជា​ប្រទេស​គំរូ​ក្នុងការ​តាមដាន​វិភាគ​និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ មិនតែប៉ុណ្ណោះ​បាន​ចែករំលែក​បទពិសោធន៍​ដល់​ប្រទេស​ដទៃ​ផងដែរ​។ ទី​៣) ឯកឧត្តម​មាន​សេចក្ដី​រីករាយ និង​ថ្លែងអំណរគុណ​ជាទីបំផុត ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​អនុ​ញ្ញា​ត្ត​អោយទទួល​កប៉ាល់ westerdam ចូល​ចត​នៅ​កម្ពុជា ។
​ទន្ទឹមនឹងនោះ​ផងដែរ នៅពេលដែល​កម្ពុជា​អនុញ្ញាតឱ្យ​កប៉ាល់​ចូល​ចត ប្រទេស​ដទៃទៀត ក៏បាន​អនុញ្ញាតឱ្យ​កប៉ាល់​ផ្សេងទៀត​ចូល​ចត​ផងដែរ​។ ពេលនោះ​មាន​កប៉ាល់​ចំនួន ២៧ នៅលើ​សមុទ្រ​ដែល​មិនមាន​កន្លែង​ចូល​ចត​។ ឯកឧត្តម បណ្ឌិត បាន​បញ្ជាក់ថា កម្ពុជា ជា​ប្រទេស​ដែល​បាន​ជួយ​ជីវិត​របស់​ប្រជាជន​ដែលជា​ប់​នៅលើ​កប៉ាល់​នាពេលនោះ​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្ត​ធ្វើការ​ជាមួយ​ប្រទេស​ទាំងអស់ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នឹង​ជំងឺ​ដទៃទៀត​ដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និង​ជំងឺ​ដទៃទៀត រួមទាំង​ការ​ទប់ទល់​ការប្រើប្រាស់​ថ្នាំជក់​ផងដែរ​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ដែល​បាន​រំលឹក​អំពី​វឌ្ឍនភាព​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ចែករំលែក​បទពិសោធន៍​អំពី​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​អភិក្រម​ផ្កា​រីក ហើយ​នៅពេលនេះ កម្ពុជា កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចាក់​ដូ​ស​ជំរុញ​ព្រោះថា ការចាក់​ត្រឹមតែ​ដូ​ស​មូលដ្ឋាន គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នោះទេ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេ​ជោ​បាន​បន្តថា ចំពោះ​ការចុះ​ចតកប៉ាល់ westerdam ប្រសិនបើ​កម្ពុជា មិនឱ្យ​ចូល​ចត​ទេ នោះ​ប្រជាជន​នៅលើ​នោះ និង​អាច​ស្លាប់​ដោយសារ​អស់​ទឹក អស់​ស្បៀង នៅពេលដែល​អ្នក​នៅលើ​ក​ប៉ាល់​នោះ មិនមាន​ជំងឺ​កូ​វីដ​-១៩​។ ការអនុញ្ញាត​ឲ្យ​កប៉ាល់ westerdam ចូល​ចត គឺជា​ទឹកចិត្ត​មនុស្សធម៌​របស់​កម្ពុជា ដែល​មិន​រារែក ទោះបី​មាន​ហានិភ័យ​ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close