ថ្មបញ្ចុះសីមា រកឃើញនៅកំពូលខ្លោងទ្វារតាកាវ
ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនិង ៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា «ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវដើម្បីជួសជុល។ នៅលើថ្មបញ្ចុះមានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាងបួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសានដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ។
ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ថ្មបញ្ចុះសីមាភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែ វាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូលគឺស្ដើងដូចថ្មដែលបានរកឃើញ។ ឯកឧត្ដម បានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមា ទៅនិងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម(យ័ន្ត)នៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មីដើម្បីការពារផ្ទះផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែ វាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ។ ក្រៅពីការបញ្ចុះថ្មដែលមានរន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់។ ថ្មបញ្ចុះ គឺជាពាក្យដែលយើងប្រើបច្ចុប្បន្ន តែពាក្យដែលប្រើដើម្បីហៅថ្មសម្រាប់បញ្ចុះឱ្យបានត្រឹមត្រូវតាមក្បួនបុរាណហាក់ដូចជាមិនទាន់ប្រទះឃើញសរសេរនៅក្នុងឯកសារណាមួយនៅឡើយ។
ឯកឧត្ដម បានមានប្រសាសន៍ទាក់ទងនឹងរន្ធនៅលើថ្មបញ្ចុះវិញថា រន្ធតូចៗប្រើសម្រាប់ដាក់សន្លឹកមាសស្ដើង ហើយរន្ធមួយធំនៅចំកណ្ដាលប្រើសម្រាប់ដាក់ដងបង្គោលត្រីសូល៍ ដូចឃើញមាននៅចម្លាក់ប្រាសាទបាយ័ន្តស្រាប់។ យើងពិនិត្យឃើញថា កំពូលប្រាសាទបាយ័ន្តបានបាត់ត្រឹមផ្កាឈូក និងមានសេសថ្មខ្លះៗដែលជាទម្រឬសសីមាប៉ុណ្ណោះ
ឯកឧត្ដម បានកត់សម្គាល់ថា ជាការរុះរើដោយមនុស្សរករបស់មានតម្លៃ។ បច្ចុប្បន្ន យើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់។ ការរកឃើញថ្មបញ្ចុះនៅកំពូលប្រាសាទនេះមិនមែនជាលើកដំបូងទេនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក-អង្គរ ព្រោះកាលពីពេលកន្លងមក គេធ្លាប់បានរកឃើញថ្មបញ្ចុះដែលមានទម្រង់ផ្សេងៗ ដែលវិវឌ្ឍទៅតាមសម័យកាលនៅប្រាសាទដំរីក្រាបលើភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និងប្រាសាទទន្លេស្ងួតជាដើម។ បច្ចុប្បន្ន យើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់។
គួរបញ្ជាក់ផងដែរថា គម្រោងជួសជុលខ្លោងទ្វាតាកាវនេះឧបត្ថម្ភដោយលោកជំទាវ ឧញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។ លោកជំទាវតែងតែចូលរួមឧបត្តម្ភដល់សកម្មភាពថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ មានជាអាទិ៍ ការជួសជុលរហាត់ទឹក ការជួសជុលប្រាសាទស្រះស្រង់ និងការជួសជុលខ្លោងទ្វារតាកាវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។