កូរ៉េខាងត្បូង ដាក់​ប្រើប្រាស់​ជា​សាធារណៈ វ៉ាក់សាំង​កូ​វីដ ផលិត​ដោយ​ខ្លួនឯង

​កូរ៉េខាងត្បូង បានប្រកាសថា ខ្លួន​ទើបបាន​សម្រេច​អនុម័ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​ផលិត​ក្នុងស្រុក​ជា​លើកដំបូង​គេ​បង្អស់​របស់ខ្លួន ដោយ​ក្រុមហ៊ុន SK bioscience សម្រាប់​ការប្រើប្រាស់ ជា​សាធារណៈហើយ​។ ​បើតាម​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៩ មិថុនា វ៉ាក់សាំង​នេះ​ត្រូវបាន​អនុម័ត​សម្រាប់​ការប្រើប្រាស់​លើ មនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​ចំនួន ២​ដូ​ស ជាមួយនឹង​ការចាក់​ក្នុង​រយៈពេល ៤​សប្តាហ៍​ពីគ្នា​។​

​ក្រុមហ៊ុន SK bioscience បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​៣ លើ​មនុស្សពេញវ័យ​ចំនួន ៤,០៣៧​នាក់​, វ៉ាក់សាំង SKYCovione បាន​បង្កើត​ការឆ្លើយតប​នៃ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង​វីរុស SARS-CoV-2​។ ប៉ុន្តែ​វា​មិនទាន់​ត្រូវបាន​គេ​ដឹងថា មាន​ប្រសិទ្ធភាព​កម្រិតណា​ប្រឆាំងនឹង​វីរុស COVID-19 បំប្លែង​ថ្មី Omicron និង​វីរុស COVID-19 បំប្លែង​ថ្មី​ផ្សេងទៀត​នោះទេ​។​

​ក្រុមហ៊ុន SK bioscience បាន​បន្ថែមថា ខ្លួន​នឹង​ស្វែងរក​ការអនុម័ត​សម្រាប់​ការចែក​ចាយ​វ៉ាក់សាំង SKYCovione នៅក្នុង​ប្រទេស​ផ្សេងទៀត និង​តាមរយៈ​យន្តការ​ចែកចាយ​វ៉ាក់សាំង​សកល COVAX ក៏ដូចជា​ការចុះបញ្ជី​សម្រាប់​ការប្រើប្រាស់ ក្នុង​លក្ខណ​បន្ទាន់ ពី​អង្គការ​សុខភាព​ពិភពលោក (WHO)​។​

​គួរ​បញ្ជាក់ថា បើតាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង KDCA, ជិត ៨៧​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ៥២​លាន​នាក់​របស់​កូរ៉េខាងត្បូង បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ពេញលេញ​ចំនួន ២​ដូ​ស​រួចហើយ ខណៈ ៦៥​ភាគរយ​ទៀត ក៏បាន​ទទួល​ការចាក់​ដូ​ស​ជំរុញ​រួចរាល់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close