លោក Ferdinand ‘Bongbong’ Marcos Jr ស្បថចូលកាន់តំណែងប្រធានាធិបតី
នៅវេលាថ្ងៃត្រង់ថ្ងៃទី ៣០ខែមិថុនា លោក Ferdinand ‘Bongbong’ Marcos Jr បានស្បថចូលកាន់តំណែងប្រធានាធិបតី ទី១៧រប់សហ្វីលីពីន ជំនួស លោកឌូទើរតេ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា លោក Ferdinand ‘Bongbong’ Marcos Jr បានស្បថចូលកាន់តំណែងប្រធានាធិបតីទី ១៧របស់ហ្វីលីពីន។ ពិធីចូលកាន់តំណែងនឹងត្រូវបានធ្វើឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ៣០ខែមិថុនា (ពេលវេលាក្នុងតំបន់) ស្ថិតនៅសារមន្ទីរជាតិ នៅក្នុងទីក្រុងម៉ានីល។
ប្រធានាធិបតី Ferdinand ‘Bongbong’ Marcos Jr បានប្រកាសនៅក្នុងពិធីស្បថចូលកានតំណែង ថា «នេះជាពេលវេលា ប្រវត្តិសាស្ត្រ របស់យើង។ អស់លោកអ្នកបានលុបបំបាត់ការបែកបាក់នយោបាយដោយសន្លឹកឆ្នោតរបស់ខ្លួន»។
លោក ជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ។ តាមសារព័ត៌មាន Channel news Asia ការទទួលបានជ័យជម្នះរបស់ លោក “Bongbong” Marcos Jr បានជួយដល់គ្រួសាររបស់លោក Marcos ចូលប្រឡោកនៅក្នុងឆាកនយោបាយហ្វីលីពីនឡើងវិញ ក្រោយរយៈពេលជិត ៤០ឆ្នាំ ។
អនុប្រធានាធិបតីរបស់លោក Marcos គឺលោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលត្រូវជាកូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នោះ បានស្បថចូលកាន់តំណែង កាលពីសប្តាហ៍មុន។ នៅប្រទេសហ្វីលីពីន តំណែងប្រធានាធិបតី គឺអាចកាន់បានត្រឹមតែ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល៦ឆ្នាំ។
កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់ ហ្វីលីពីនហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ។
តើលោក Marcos Jr មានអាយុ ៦៤ឆ្នាំ, លោក Ferdinand Marcos Jr ត្រូវបានគេស្គាល់ជាទូទៅនៅក្នុងប្រទេសហ្វលីពីន ដោយមានឈ្មោះ មួយទៀតថា បុងបុង ម៉ាកូស (Bongbong Marcos)។ លោកគឺជាកូនប្រុសតែម្នាក់គត់របស់អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Marcos ដែលបានដឹកនាំប្រទេសហ្វីលីពីន ដោយនយោបាយកណ្ដាប់ដៃដែក ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦។
នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៧, លោក Marcos Jr បានលើកឡើងថាឪពុករបស់លោកបានជំរុញឱ្យរូបលោក ប្រឡូកចូលឆាកនយោបាយ ហើយនៅពេលលោកមានអាយុ ២០ឆ្នាំ, រូបលោកបានក្លាយជាអភិបាលខេត្ត អ៉ីឡូកូស ណ័រតេ (Ilocos Norte) ដែលស្ថិតនៅចម្ងាយ ៤៤០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងម៉ានីល។ តែក្រោយមក ក្រុមគួសាររបស់លោកបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីឪពុករបស់លោកត្រូវបានគេ ទម្លាក់ចេញពីអំណាចនៅឆ្នាំ១៩៨៦។
លោក Marcos Jr បានត្រឡប់មកកាន់ប្រទេសហ្វីលីពីនវិញ ក្នុងឆ្នាំ១៩៩១ ក្រោយឪពុករបស់លោកទទួលមរណភាព ហើយចាប់ពេលនោះមកដែរ លោកបានចាប់ផ្ដើមចូលរួមកាន់តែជ្រៅនៅក្នុងនយោបាយហ្វីលីពីន ដោយជាប់ឆ្នោតជាសមាជិកសភា ហើយបានក្លាយជាអភិបាលសាជាថ្មី។ ប៉ុន្តែ លោក បានបរាជ័យនៅក្នុងការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ក្នុងឆ្នាំ១៩៩៥ ហើយរហូតដល់ឆ្នាំ២០១០ ទើបលោកជាប់ឆ្នោតកា្លយជា សមាជិកព្រឹទ្ធសភាហ្វីលីពីន។
នៅឆ្នាំ២០១៦ លោក Marcos Jr បានបរាជ័យជាថ្មីនៅក្នុងការប្រកួតប្រជែងយកតំណែងជាអនុប្រធានាធិបតីហ្វីលីពីន ក្រោមថ្វីដៃអនុប្រធានាធិបតី សព្វថ្ងៃ គឺលោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដែលជាគូប្រជែងដ៏ធំរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២ នេះ។ ដោយឡែក បើនិយាយពីប្រវត្តិសិក្សារបស់លោក Marcos Jr មានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ពោលគឺ នៅពេលលោកជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា លោក បានអះអាងថាលោកទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ Oxford ផ្នែកទស្សនៈវិជ្ជា នយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែ ក្រុមអ្នករិះគន់បាននិយាយថា លោក Marcos Jr មិនបានទទួលសញ្ញាប័ត្រពិតប្រាកដនោះទេ ហើយសាកលវិទ្យាល័យ Oxford ក៏ធ្លាប់បានឱ្យដឹងដែរថារូបលោកមិនបាន បញ្ចប់ការសិក្សាទាំងស្រុងរបស់លោកនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។