រដ្ឋមន្ត្រីក្រសួង​ការងារ​៖ កម្មវិធី DEY​ពិតជា​ឆ្លើយតប និង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត​

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​សហប្រធាន​គណៈ​ប្រឹក្សា​ភិ​បាល​នៃ កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា (​កម្មវិធី DEY) និង​លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៤ របស់​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា (DEY) ដោយមាន​ការចូលរួម​ពី តំណាង​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ភ្នាក់ងារ​អង្គការសហប្រជាជាតិ រួមមាន​៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និង​អង្គការ UNIDO, ភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC), តំណាង​និយោជក និង​តំណាង​យុវជន រៀបចំ​ធ្វើឡើង នៅ​ទីស្តីការក្រសួង​ការងារ​។

​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា (DEY) ដំណាក់កាល​ទី​២ នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ចំនួន​៣៖ ១) ពិនិត្យ និង​អនុម័ត​លើ​សំណើ​ការកំណត់​អាទិភាព​ឡើងវិញ​របស់​កម្មវិធី DEY ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ ២) ពិនិត្យ និង​អនុម័ត​លើ​ផែនការ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​របស់​កម្ម​វិធី DEY និង ៣) ពិភាក្សា​លើកដំបូង​ពី​ជំហាន​បន្ទាប់​របស់​កម្ម​វិធី ដែលជា​ដំណាក់កាល​ទី​៣​។​
​អង្គប្រជុំ​ក៏បាន​ធ្វើ​បទ​បង្ហាញ​លើ​សំណើ​កំណត់​អាទិភាព​ឡើងវិញ​របស់​កម្មវិធី DEY, ការពិនិត្យ និង​អនុម័ត​លើ​សំណើ​កំណត់​អាទិភាព​ឡើងវិញ​របស់​កម្មវិធី DEY, ការធ្វើ​បទ​បង្ហាញ និង​អនុម័ត​ស្តីពី​យុទ្ធសាស្ត្រ​ទំនាក់ទំនង​កម្មវិធី DEY និង​ការពិភាក្សា​លើកដំបូង​ពី​ដំណាក់កាល​ទី​៣ នៃ​កម្មវិធី​ផងដែរ​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​មានប្រសាសន៍ថា ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប និង​ការ​ស្តារឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កម្មវិធី DEY ដំណាក់កាល​ទី​២ បន្ត​ផ្តោតលើ ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ជំនាញ​ធុរកិច្ច និង​មុខរបរ​និង​ការងារ និង​ការ​ស្តារឡើងវិញ​នូវ​សមត្ថភាព​របស់​យុវជន​ដែល​រង​ផលប៉ះពាល់​ដោយ​ការ​រាល​ត្បា​ត​នេះ រួមទាំង​អ្នក​ដែល​ត្រូវបាន​ព្យួរ ឬ​បញ្ឈប់​ពី​ការងារ ក៏ដូចជា​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ដែល​វិល​ត្រឡប់មក​មាតុភូមិ​វិញ​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បន្តទៀតថា ការអនុវត្ត​កម្មវិធី DEY ដំណាក់​ទី​២​នេះ និង​ដំណាក់កាល​បន្តបន្ទាប់ នឹងចូលរួម​ចំណែក​ដ៏​សំខាន់ ក្នុងការ​សម្រេចបាន​គោលដៅ​របស់​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍ​ដោយ​ចរី​ភាព (SDG) ជាពិសេស​គោលដៅ​ទី​៨​។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ “​ជាការ​ពិតណាស់ ខ្ញុំ​ចង់ឃើញ​វត្ដ​មានកម្ម​វិធី DEY ដំណាក់កាល​ទី​៣ ព្រោះ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​កម្មវិធី DEY ពិតជា​ឆ្លើយតប និង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត​”​។​

​លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម បានលើកឡើង​ដូច្នេះ​ថា​៖ “​យើង​បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ ថា​យើង​ត្រូវ​កំណត់​អាទិភាព​ឡើងវិញ​លើ​សកម្មភាព​អន្តរាគមន៍ ចំណុច ការងារ​ដែល​រួមចំណែក​ដោយផ្ទាល់​ដល់​ការសម្រេចបាន​នូវ​គោលដៅ​ចុងក្រោយ និង​លទ្ធផល​រំពឹងទុក​ជារួម​របស់​កម្មវិធី ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន​នៃ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ចសង្គម រួមទាំង​ទំនាក់ទំនង​នឹង​តម្រូវការ​ទីផ្សារការងារ​ក្រោយ​សម័យ​កូ​វីដ​-១៩ ដើម្បី​អនុញ្ញាតឱ្យ​មានការ​អនុវត្ត​ផែនការ​ទៅតាម​អ្វីដែល​យើង​បានគ្រោង​ទុក​”​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈ​ប្រឹក្សា​ភិ​បាល​នេះ សម្រេចបាន​៖
– អនុម័ត​លើ​ការកំណត់​អាទិភាព​ឡើងវិញ​នៃ​កម្មវិធី​ដំណាក់កាល​ទី​២
– អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​
– ពិភាក្សា​លើកដំបូង​ពី​ជំហាន​បន្ទាប់​របស់​កម្ម​វិធី ដែលជា​ដំណាក់កាល​ទី​៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close